(ប៉េកាំង)៖ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២០ ទីក្រុងវូហានបានលុបចោលជាផ្លូវការនូវ វិធានការបំបិទច្រកចេញចូលក្រុងវូហាន និងខេត្ត ហ៊ូប៉ី។ មកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ គឺត្រូវនឹងខួប១ឆ្នាំ នៃការលុបចោលវិធាការបិទទីក្រុងនិងខេត្តនោះ។ វាគឺជាវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដ៏អង់អាចក្លាហានបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយក៏ជាការលះបង់ដោយស្ម័គ្រចិត្ត ដែលមិនធ្លាប់មានពីមុន ដែលបង្ហាញពីកាតព្វកិច្ច និងទំនួលខុសត្រុវរបស់ចិនផងដែរ។

ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺឆ្លង អស់រយៈពេល៧៦ថៃ្ង សហគមន៍អន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់ ទៅលើប្រទេសចិន ហើយប្រទេសចិនក៏ផ្តោតសំខាន់ទៅលើទីក្រុងវូហាន។ យោងតាមស្ថិតិបានបង្ហាញថា តំបន់នានាទូទាំងប្រទេសចិន បានចាត់បញ្ជូនបុគ្គលិកពេទ្យសរុបជាង ៣ម៉ឺននាក់ ដើម្បីជួយក្រុងវូហាន ហើយតំបន់នានា បានពន្លឿនការផលិត សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទជាបន្ទាន់ ដើម្បីផ្គត់ផ្គង់និងដឹកជញ្ជូនទៅកាន់ក្រុងវូហាន ឱ្យបានទាន់ពេលវេលា។

សហគមន៍ជាង៣,០០០ សង្កាត់ស្នាក់នៅជាង៧,០០០ និងបណ្តាញការងារជាង ១៣,៨០០ ត្រូវបានដាក់ឱ្យដំណើរការ ដោយគ្រប់ជ្រុងជ្រោយ ហើយកម្មាភិបាលបក្ស សមាជិកបក្ស និងបុគ្គលិកការងារនៅក្រុងវូហាន ចំនួនជាង៤ម៉ឺននាក់ បានចុះធ្វើការងារក្នុងសហគមន៍ ក្រោមការដឹកនាំរបស់កម្មាភិបាលសហគមន៍។ ក្រុមអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ បានធ្វើការងារយ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃនៅគ្រប់ទីកន្លែង ដោយពួកគេបានក្លាយជា អ្នកអភិរក្សរបស់ទីក្រុងនេះ។

ហេតុអ្វីបានជាប្រទេសចិន អាចយកជ័យជម្នះជាដាច់ខាត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើកនេះ គឺដោយសារមានវីរជនមួយក្រុម បានការពារដោយស្ងៀមស្ងាត់ និងបានលះបង់អស់កម្លាំងកាយចិត្ត ដោយមិនគិតពីផលប្រយោជន៍ផ្ទល់ខ្លួន។ ក្នុងចំណោមវីរជនទាំងនេះ បូករួមទាំង បុគ្គលិកការងារនៅតាមសហគមន៍ ដែលតែងតែបំពេញភារកិច្ចនៅជួរមុខ នៃការបង្ការនិងគ្រប់គ្រង់ជំងឺឆ្លង ជាប់រហូតមក អ្នកដឹកជញ្ជូនបាយម្ហូបវេចខ្ចប់ ដែលបម្រើដល់បុគ្គលិកពេទ្យដោយឥតគិតថ្លៃ អ្នកបើកឡានដោយស្ម័គ្រចិត្ត ដែលបានបើកបរចម្ងាយ ៣ម៉ឺនគីឡូម៉ែត្រក្នុងពេលតែមួយខែ និងអ្នកលេងវីយូឡុងដើម្បីលើកទឹកចិត្តទីក្រុង ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លង ក៏ដូចជាអ្នកជំងឺដែលស្រែកលាន់ថា «កុំយំ កុំភ័យខ្លាចទេ» ។ល។

ដោយសារមានវីរជនទាំងនេះ បានជាទីក្រុងវូហានអាចគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងយ៉ាងឆាប់រហ័ស ហើយកិច្ចខិតខំប្រឹងប្រែង របស់មនុស្សម្នាក់ៗ ធ្វើឱ្យក្រុងវូហានឆ្លងកាត់រដូវផ្ការីកឆ្នាំមុន ហើយអបអរទទួលរដូវផ្ការីកឆ្នាំនេះ។ យ៉ាងណាមិញ ការរីករាលដាលនៃជំងឺឆ្លងបាននាំមកនូវ ភាពមិនប្រាកដប្រជាយ៉ាងខ្លាំង។ ការផ្លាស់ប្តូររវាងបុគ្គលិកនៅទូទាំងពិភពលោកត្រូវបានផ្អាក តម្រូវការពាណិជ្ជកម្មអន្តរជាតិ ក៏ត្រូវបានកាត់ខ្សោយ។ ក្រោមបរិបទទទួលរងការវាយប្រហារ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត អ្នកផងទាំងពួងមានការព្រួយបារម្ភថា តើសេដ្ឋកិច្ចចិននឹងមានភាពប្រសើរឡើងឬទេ?

ក្រោមការគាំទ្ររបស់ប្រជាជន នៅទូទាំងប្រទេសចិន វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដោយចំគោលដៅរបស់រដ្ឋាភិបាលចិន ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហេតុនេះហើយបានជាការរីករាលដាលនៃជំងឺឆ្លង ត្រូវគ្រប់គ្រងបានយ៉ាងឆាប់រហ័ស។ ចាប់ពីខែមីនា ឆ្នាំ២០២០មក ប្រទេសចិនដែលត្រូវគេដាក់ឈ្មោះថា «រោងចក្រពិភពលោក» បានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវ ការស្តារផលិតកម្មឡើងវិញជាបណ្តើរៗ។ ទំហំសេដ្ឋកិច្ចសរុបនៃប្រទេសចិននៅឆ្នាំ ២០២០ សម្រេចបាននូវការងើបឡើងវិញបែបទម្រង់អក្សរ V ដែលក្លាយជា អង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោក ដែលបានសម្រេចបាននូវកំណើនវិជ្ជមាន។

ទីក្រុងវូហានដែលធ្លាប់ត្រូវបិទច្រកអស់រយៈពេល ៧៦ថ្ងៃ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងទទួលរងកម្លាំងសម្ពាធយ៉ាងខ្លាំង បានចាប់ផ្តើមដំណើរងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីបានយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង។ រោងចក្រស្តារផលិតកម្មឡើងវិញ សាលារៀនបើកជាថ្មីឡើងវិញ ផ្សារទំនើបនិងភោជនីយដ្ឋាន ក៏បានបើកទ្វារជាថ្មីឡើងវិញ ក្រុងវូហានបានលេចចេញភាពអ៊ូអរនៅកាលពីមុន។

ទន្ទឹមនឹងការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងប្រទេសចិន ត្រូវបានគ្រប់គ្រងដោយកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ សហគ្រាសលំដាប់កំពូលទាំង៥០០ ទាំងជាតិនិងអន្តរជាតិ ចំនួនជាង៤០០សហគ្រាស បានធ្វើដំណើរទៅកាន់ក្រុងវ៉ូហាន ដើម្បីពិនិត្យអង្កេតនិងពិភាក្សាគ្នាអំពីការជួញដូរ។ កាលពីឆ្នាំ ២០២០ ក្រុងវូហានបានកៀរគរវិនិយោគទុនជាក់ស្តែងលើសពី ៩៣០ ប៊ីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៦.៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ក្នុងពេលដំណាលគ្នា មហាសន្និបាតបណ្តាញអ៊ីនធើណេតប្រព័ន្ធ 5G បូកឧស្សាហកម្មរបស់ចិនលើកដំបូង បានបើកធ្វើឡើងនៅក្រុងវូហាន ដើម្បីជំរុញការអភិវឌ្ឍយ៉ាងផុលផុស នៃសេដ្ឋកិច្ចឌីជីថល។ សហគ្រាសបច្ចេកវិទ្យាខ្ពស់ បាននាំគ្នាបើកទីស្នាក់ការ នៅតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីតុងហ៊ូនៃក្រុងវូហាន ដើម្បីជួយការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យាជាតិចិន។

ក្រុងវូហានបាននិងកំពុងក្តាប់ជាប់នូវ រូបមន្តមុខរបរថ្មីនិងកាលានុវត្តនភាពថ្មី ដែលបានបង្កើតក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លង ដើម្បីជំរុញការផ្លាស់ប្តូររូបមន្ត និងលើកកម្ពស់លំដាប់ថ្នាក់ នៃឧស្សាហកម្មប្រពៃណី។ ទំហំសេដ្ឋកិច្ចសរុបនៃក្រុងវូហាននៅឆ្នាំ ២០២០ បានលើសពី ១.៥ ទ្រីលានយាន់ប្រាក់ចិន ដែលបានក្លាយជាទីក្រុងកំពូលទាំង១០ នៅប្រទេសចិនជាថ្មីឡើងវិញ។

កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗ បានជួយក្រុងវូហានស្វែងរកឱកាសក្នុងវិបត្តិ ហើយបានត្រួសត្រាយនិម្មាបនកម្មថ្មី ក្នុងបរិបទបម្រែបម្រួល។ ក្នុងបរិបទដែលជំងឺកូវីដ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល សេដ្ឋកិច្ចសកលកំពុងរង ការវាយប្រហារយ៉ាងខ្លាំង។

ប្រទេសចិនក្នុងនាមជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់ នៅលើពិភពលោក ដែលបានសម្រេចបាននូវកំណើនវិជ្ជមាន ក្រុងវូហាន ដែលបានក្លាយជាទីក្រុងកំពូលទាំង១០ នៅប្រទេសចិនជាថ្មីឡើងវិញ ទាំងប្រទេសចិនក៏ដូចជាក្រុងវូហាន រាល់ជំហានឆ្ពោះទៅមុខ សុទ្ធតែមិនអាចឃ្លាតពីការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ ប្រជាជនចិនទាំងអស់នោះទេ។ ក្រុមវីរជនដែលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គឺយើងទាំងអស់គ្នា។

ខណៈរដូវផ្ការីកបានមកដល់ ដោយផ្កាសាគូរ៉ារីកស្គុះស្គាយនៅពាសពេញក្រុងវូហាន ពួកយើងស្វាគមន៍លោកអ្នក ដែលនៅទីឆ្ងាយធ្វើដំណើរទៅទស្សនាក្រុងវូហាន ដើម្បីភ្លក្សមីហ្សឺកាន ទស្សនាផ្កាសាគូរ៉ានិងឡើងអគារបុរាណ Huang Helou។ ប្រជាជននៅទីនោះនឹងទទួលភ្ញៀវយ៉ាងរាក់ទាក់កក់ក្តៅ ហើយក្រុងវូហានក៏មានសុវត្ថិភាព កាន់តែប្រសើរឡើងផងដែរ៕