(ញូដេលី)៖ វិធានការបិទខ្ទប់ និងបម្រាមគោចរ ត្រូវបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់លើ មនុស្សរាប់សិបលាននាក់ នៅតាមប្រទេសចាប់តាំងពីឥណ្ឌា រហូតដល់អាហ្សង់ទីនជាដើម ខណៈការរាតត្បាតនៃជំងឺ COVID-19 កំពុងស្ទុះឡើងវិញខ្លាំង រីឯយុទ្ធនាការចាក់វ៉ាក់សាំង ត្រូវជួបភាពរាំងស្ទះ ដោយសារតែបញ្ហាខ្វះខាតការផ្គត់ផ្គង់ និងការភ័យខ្លាចអំពីផលប៉ះពាល់របស់ពួកវា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

នៅថ្ងៃសៅរ៍នេះ ឥណ្ឌាបានសម្រេចអនុវត្តវិធានការបិទខ្ទប់លើរដ្ឋធំបំផុតរបស់ខ្លួន គឺរដ្ឋ Maharashtra ដែលកំពុងបន្តប្រឈមនឹងការឆ្លងរាលដាល COVID-19 ខ្លាំងក្លាបំផុត។ ក្នុងថ្ងៃដដែលនេះ ឥណ្ឌាទើបតែប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗជាង១៤៥,០០០នាក់ថែមទៀត ដែលភាគច្រើនគឺនៅរដ្ឋ Maharashtra តែម្តង។ រដ្ឋឥណ្ឌាដ៏ធំនេះ មានមនុស្សរស់នៅសរុប១២៥លាននាក់។

បន្ថែមពីលើសន្ទុះនៃការកើនឡើងនូវករណីឆ្លង ឥណ្ឌាក៏កំពុងប្រឈមនឹងវិបត្តិខ្វះខាតវ៉ាក់សាំងផងដែរ។ មកទល់ឥឡូវ ឥណ្ឌាបានចាក់ វ៉ាក់សាំងជូនប្រជាជន៩៤លាននាក់ ក្នុងចំណោមប្រជាជនសរុប១.៣ពាន់លាននាក់ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌា នៅតាមបណ្តារដ្ឋជាមធ្យម មានសល់វ៉ាក់សាំងក្នុងស្តុកសម្រាប់ចាក់បាន ប្រហែលត្រឹម០៥ថ្ងៃទៀតប៉ុណ្ណោះ។

ចំណែកមនុស្ស០៨លាននាក់ នៅរដ្ឋធានីបូហ្គោតានៃប្រទេសកូឡុំប៊ី ក៏នឹងត្រូវស្ថិតក្រោមបទបញ្ជាឲ្យស្ថិតក្នុងផ្ទះផងដែរ ខណៈទីក្រុងនេះ កំពុងរងការវាយលុកពីរលកឆ្លងរាតត្បាតថ្មីទៀតនៃ COVID-19 ហើយវាបន្ថែមពីលើការអនុវត្តបម្រាមគោចរ ដែលបានគ្របដណ្តប់លើមនុស្សខ្ទង់០៧លាននាក់ រួចស្រេចទៅហើយ នៅក្នុងទីក្រុងធំៗចំនួន០៤ផ្សេងទៀត។

រីឯអាហ្សង់ទីនបានស្ថិតក្រោមការអនុវត្តបម្រាមគោចរពេលយប់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយទាំងកូឡុំប៊ូនិងអាហ្សង់ទីន សុទ្ធតែមានករណីឆ្លង COVID-19 សរុបខ្ទង់២.៥លានករណី ប្រហាក់ប្រហែលគ្នា ហើយតួលេខនេះគឺចាញ់ប្រេស៉ីលតែមួយប៉ុណ្ណោះ ប្រចាំនៅតំបន់អាមេរិកខាងត្បូង។

សម្រាប់នៅអឺរ៉ុបឯណោះវិញ ប្រទេសបារាំងទាំងមូល ស្ថិតក្រោមការរឹតត្បិត តែក្នុងកម្រិតផ្សេងៗគ្នា ដើម្បីទប់ស្កាត់រលកឆ្លងរាលដាលថ្មីនៃ COVID-19 ខណៈរដ្ឋាភិបាលអាល្លឺម៉ង់ ក៏កំពុងព្យាយាមដាក់ចេញ វិធានការរឹតត្បិតមួយចំនួនផងដែរ។ មួយវិញទៀត មិនសូវខុសពីឥណ្ឌានោះទេ គឺអឺរ៉ុបពេលនេះ កំពុងជួបឧបសគ្គដូចគ្នា ទាក់ទងកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំង ជាពិសេសគឺការព្រួយបារម្ភ ជុំវិញផលប៉ះពាល់នៃវ៉ាក់សាំង AstraZeneca៕