(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបតែបានបញ្ចេញសំណើកញ្ចប់ថវិកាសរុបទំហំ ២៤.៧ពាន់លានដុល្លារ សម្រាប់ទីភ្នាក់ងារអវកាស NASA ក្នុងឆ្នាំសារពើពន្ធ២០២២ (ចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១)។ បើធៀបជាមួយឆ្នាំ២០២១ វាមានការកើនឡើង ១.៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

ក្នុងនោះរដ្ឋបាលលោក បៃដិន បានស្នើថវិកា ៦.៩ពាន់លានដុល្លារ សម្រាប់បេសកកម្ម អាថេមីស (Artemis) ដែលជាគម្រោងបញ្ជូនអវកាសយានិក ទៅជាន់ផ្ទៃព្រះច័ន្ទសាជាថ្មីរបស់ NASA។ ខណៈរដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យ NASA សម្រេចឲ្យបានគោលដៅនេះនៅត្រឹមឆ្នាំ២០២៤ ក្នុងសំណើកញ្ចប់ថវិកាខាងលើ ពុំមានការបញ្ជាក់ថា តើពេលវេលានេះនឹងត្រូវប្រែប្រួលដែរឬអត់ឡើយ។

ក្រៅពីកម្មវិធី Artemis ស្ថានីយអវកាសអន្តរជាតិ (ISS) ក៏ទទួលបានកញ្ចប់ថវិកាជាង ០៣ពាន់លានដុល្លារផងដែរ។ រីឯពាក់ព័ន្ធនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ ដែលជាអាទិភាពចម្បងបំផុតមួយរបស់ រដ្ឋបាលលោក បៃដិន បានស្នើថវិកាលើសពីកញ្ចប់ថវិកាបច្ចុប្បន្នចំនួន ១៤ពាន់លានដុល្លារ ដោយក្នុងនោះ ២.៣ពាន់លានដុល្លារ គឺសម្រាប់កម្មវិធីវិទ្យាសាស្រ្តភពផែនដីរបស់ NASA។

ចំណែកបេសកកម្មស្រាវជ្រាវទីអវកាសមួយចំនួនទៀត ក៏ទទួលបានការបែងចែកកញ្ចប់ថវិកា សម្រាប់ពួកវាផងដែរ បើទោះបីជាមិនមានការបញ្ជាក់ចំនួនជាក់លាក់ក៏ដោយ។ ក្នុងនោះមានដូចជា បេសកកម្មនាំយកគំរូតាង ដែលនឹងបានមកពីបេសកកម្ម ភើសេវើរិនស៍ (Perseverance) ដែលកំពុងស្ថិតនៅលើផ្ទៃភពអង្គារ ព្រមទាំងគម្រោងបេសកកម្ម យូរ៉ូប៉ា ឃ្លីបភើ (Europa Clipper) ទៅកាន់ព្រះច័ន្ទទឹកកក Europa របស់ភពព្រហស្បតិ៍ (Jupiter) និងបេសកកម្មយន្តហោះដ្រូន ដ្រាហ្គនហ្វ្លាយ (Dragonfly) ទៅកាន់ព្រះច័ន្ទ ទីតាន (Titan) របស់ភពសៅរ៍ (Saturn) ជាដើម។

គួរបញ្ជាក់ថា ក្រៅពីនេះការផ្តល់កញ្ចប់ថវិកាក៏នឹងត្រូវបន្ត សម្រាប់គម្រោងអភិវឌ្ឍកែវយឺតអវកាស ណិនស៊ី ហ្គ្រេស រ៉ូមែន (Nancy Grace Roman) ដែលជាកែវយឺតអវកាសកំពូលថ្មីមួយទៀតរបស់ NASA បន្ទាប់ពីកែវយឺតអវកាស ចេមស៍ វែប (James Webb) ដែលនឹងត្រូវបាញ់បង្ហោះនៅចុងខែតុលា ឆ្នាំនេះផងដែរ។ ម៉្យាងវិញទៀត នៅក្នុងសំណើខាងលើ គេហាក់ពុំមានបេសកកម្ម NASA ណាមួយ ដែលនឹងត្រូវកាត់បន្ថយនោះឡើយ៕