(ប៉េកាំង)៖ ថ្ងៃទី០៩ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Alberto Bradanini អតីតឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅប្រទេសចិន បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានក្នុងតំបន់អ៊ីតាលីថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចំពោះប្រទេសចិននាពេលថ្មីៗនេះ គឺជាសកម្មភាពការរំលោភច្បាប់អន្តរជាតិ។

ការដាក់ទណ្ឌកម្មនេះ មិនបានឆ្លងតាមរយៈយន្តការ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ តែគឺត្រូវធ្វើឡើងដោយឯកតោភាគី។ នេះជារបៀបមួយ ដែលសហរដ្ឋអាមេរិកអនុវត្ត «សង្គ្រាមត្រជាក់» ប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតចិន។

លោក Bradanini បានបញ្ជាក់ថា បច្ចុប្បន្ននេះភាពគួរឱ្យទុកចិត្តរបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារសង្គ្រាមខុសច្បាប់ និងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ ប្រទេសចិនបាននិងកំពុងខិតខំ ដើម្បីធ្វើពិពិធកម្មខាងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាសកល ដែលជាការធានានៃសន្តិភាព បើប្រៀបធៀបទៅនឹងភាពឯកតោភាគីយោធា របស់សហរដ្ឋអាមេរិក។

លោក Bradanini បានយល់ឃើញថា ពាក្យដែលថា «ការអនុវត្តអំពើប្រល័យពូជសាសន៍ នៅភូមិភាគស៊ីនជាំង» គឺខុសឆ្គងទាំងស្រុង គ្រាន់តែពិនិត្យមើលចំនួនកំណើនជនជាតិអ៊ូយហ្គួរពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ២០១៨ គឺអាចសម្អាងសេចក្តីសន្និដ្ឋាននេះបាន៕