(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាវ៉ាក់សាំង COVID-19 ភាគច្រើនលើសលុប ត្រូវបានចាក់ក្នុងបណ្ដាប្រទេសអ្នកមាន ខណៈបណ្ដាប្រទេស ក្រីក្រ ឬមានប្រាក់ចំណូលទាបទទួលបានវ៉ាក់សាំងត្រឹមតែ ០.២ភាគរយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។

បើតាមអង្គការ WHO នៅក្នុងចំណោមវ៉ាក់សាំងសរុបច្រើនជាង ៧០០លានដូសដែលត្រូវបានចាក់ជូនប្រជាជននៅជុំវិញពិភពលោក គឺបណ្ដាប្រទេសអ្នកមានទទួលបាន ច្រើនជាង៨៧ភាគរយ រីឯប្រទេសក្រីក្រីទទួលបានត្រឹមត្រែ ០.២ភាគរយប៉ុណ្ណោះនៃវ៉ាក់សាំងទាំងនេះ។

គួរបញ្ជាក់ថា កម្មវិធី COVAX ដឹកនាំដោយអង្គការ WHO ដែលមានគោលដៅចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាពកំពុងប្រឈមមុខនឹងការខ្វះខាតវ៉ាក់សាំងដោយសារតែការរឹតត្បិតការនាំចេញវ៉ាក់សាំងពីបណ្ដាប្រទេសមហាអំណាចមួយចំនួនធំ។ COVAX មកទល់នឹងពេលនេះបានចែកចាយវ៉ាក់សាំងប្រហែលជា ៣៨លានដូស ហើយនេះផ្ទុយពីការរំពឹងទុកដែលចង់ចែកចាយឱ្យបានជិត ១០០លានដូស នៅត្រឹមចុងខែមីនាកន្លងទៅ៕