(ម៉ានីល)៖ យោធាហ្វីលីពីន និងអាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ២សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃចន្ទ ទី១២ មេសាស្អែក បន្ទាប់ពីបានលុបចោលព្រឹត្តិការណ៍ហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នានេះកាលពីឆ្នាំមុន ដោយសារការឆ្លងរីករាលដាល នៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលេខាធិការការពារជាតិ នៃប្រទេសទាំងពីរបានធ្វើកិច្ចសន្ទនាតាមទូរសព្ទ ដើម្បីពិភាក្សាអំពីសមយុទ្ធនេះ និងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ព្រមទាំងការវិវឌ្ឍន៍សន្តិសុខក្នុងតំបន់នាពេលថ្មីៗនេះ។

មិនដូចសមយុទ្ធពីមុនៗ សមយុទ្ធយោធាមានឈ្មោះថា បាលីកា (Balikatan) នៅឆ្នាំនេះ ដែលធ្វើឡើងដើម្បីតេស្តសាកល្បងការត្រៀមខ្លួនរបស់កងទ័ព ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនានា ដូចជាគ្រោះមហន្តរាយធម្មជាតិ និងការវាយប្រហារដោយក្រុមជ្រុលនិយមជាដើមនោះ នឹងត្រូវបានកាត់បន្ថយ។

ឧត្តមសេនីយ៍ឯកលោក Cirilito Sobejana បាននិយាយថា មានតែទាហានចំនួន ១,៧០០ នាក់ប៉ុណ្ណោះដែលនឹងចូលរួម ដោយមកពីភាគីសហរដ្ឋអាមេរិកចំនួន ៧០០នាក់ និងហ្វីលីពីន ១០០០ នាក់ គឺមិនដូចសមយុទ្ធមុនដែលមានកងទ័ពចូលរួមរហូតដល់ ៧៦០០នាក់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងអតីតអាណានិគមរបស់ខ្លួន មានភាពស្មុគស្មាញចាប់ តាំងពីឆ្នាំ២០១៦ នៅពេលដែលប្រធានាធិបតីហ្វីលីពីនលោក Duterte បានរិះគន់គោលនយោបាយការបរទេសអាមេរិក ខណៈដែលមិត្តភាពជាមួយប្រទេសចិនមានភាពល្អប្រសើរឡើង។

កាលពីឆ្នាំមុនលោក Duterte បានសម្រេចលុបចោលជាឯកតោភាគី នូវកិច្ចព្រមព្រៀងយោធារវាប្រទេសទាំងពីរដែលហៅកាត់ថា VFA ជាឆ្លើយតបយ៉ាងខឹងសម្បារ បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនមួយរូប ត្រូវបានអាមេរិកបដិសេធមិនផ្តល់ទិដ្ឋាការជូន។ កិច្ចព្រមព្រៀងនេះផ្តល់នូវក្របខ័ណ្ឌស្របច្បាប់ ដែលកងទ័ពអាមេរិកអាចធ្វើប្រតិបត្តិការដោយផ្អែកលើមូលដ្ឋានវិលជុំ នៅក្នុងប្រទេសហ្វីលីពីន។ យ៉ាងណាមិញ ប្រទេសទាំងពីរនៅមានកិច្ចព្រមព្រៀង ទាក់ទងវិស័យការពារជាតិចំនួនពីរទៀតជាមួយគ្នា៕