(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) នាថ្ងៃចន្ទនេះ បានដាក់ការកំណត់ជាកំហិតថា រាល់មន្រ្តីទាំងអស់ដែលបម្រើការងារនៅព្រំដែន ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មុនដាច់ខែមេសានេះ ហើយសម្រាប់អ្នកដែលមិនព្រមធ្វើតាម នឹងត្រូវប្រឈមការផ្លាស់ពីតួនាទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

លោកស្រី Ardern បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយដូច្នេះថា «មុនដាច់ខែមេសានេះ មន្រ្តីកិច្ចការព្រំដែនទាំងឡាយណា ដែលមិនទាន់បានចាក់វ៉ាក់សាំងទៀតនោះ នឹងមិនអនុញ្ញាតឲ្យបន្តធ្វើការងារ នៅកន្លែងប្រឈមហានិភ័យខ្ពស់ទៀតឡើយ ហើយនឹងត្រូវផ្លាស់ប្តូរចេញពីតួនាទី»។ បើតាមលោកស្រី Ardern មន្រ្តីព្រំដែននូវែលសេឡង់ប្រហែល ៨៦ភាគរយ បានទទួលការចាក់វ៉ាក់សាំងរួចរាល់។

គួរបញ្ជាក់ថា ការឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងប្រទេសនូវែលសេឡង់ គឺត្រូវទប់ស្កាត់បានស្ទើរតែទាំងស្រុង និងពុំមានការរកឃើញករណីឆ្លងក្នុងសហគមន៍ រយៈពេលជាង៤០ថ្ងៃ។ ប៉ុន្តែកាលពីសប្តាហ៍មុននេះ នូវែលសេឡង់បានរាយការណ៍ពី ករណីវិជ្ជមាន COVID-19 ក្នុងសហគមន៍ ដែលត្រូវបានរកឃើញលើមន្រ្តីព្រំដែនម្នាក់ ដែលខកខានការណាត់ជួបចាក់វ៉ាក់សាំងដល់ទៅ០២លើក ហើយឥឡូវមានករណី០២ទៀត ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលម្នាក់នោះ៕