(វៀងច័ន្ទន៍)៖ ប្រទេសឡាវនៅថ្ងៃចន្ទនេះបានរាយការណ៍ពីការឃើញករណីឆ្លង COVID-19 ថ្មីចំនួន ០១ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ៥២ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

បើតាមរបាយការណ៍ពីក្រសួងសុខាភិបាលឡាវ ករណីឆ្លងថ្មីខាងលើនេះ គឺបុរសជនជាតិអូស្ត្រាលីអាយុ ៤៨ឆ្នាំ ដែលបានមកដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ បុរសរូបនោះបានចាកចេញពីប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៩ ខែមេសា និងបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 នៅពេលមកដល់ប្រទេសឡាវ។ បច្ចុប្បន្ននេះអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព (មន្ទីរពេទ្យ ១៥០) ស្ថិតនៅក្នុងរដ្ឋធានីវៀងច័ន្ទ។

គួរបញ្ជាក់ថា អ្នកជាសះស្បើយសរុបពីការឆ្លងរាលដាលនៃ COVID-19 នៅប្រទេសឡាវបច្ចុប្បន្ននេះគឺ ៤៩នាក់។ ប្រទេសឡាវបានរាយការណ៍ពីករណីឆ្លង COVID-19 ជាលើកទី ២ របស់ខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ ឡាវត្រូវបានគេមើលឃើញថា ជាប្រទេសមានករណីឆ្លង COVID-19 តិចបំផុត ទាំងនៅក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក៕