(ម៉ាឡេស៉ី)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៉ី បានសម្រេចនឹងចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ជូនដល់ប្រជាជន ដែលស្ថិតក្នុងក្រុមអាយុចាប់ពី ៦០ឆ្នាំឡើងទៅ នៅថ្ងៃទី១៩ ខែមេសា ក្រោមដំណាក់កាលទី ២ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ របស់ប្រទេសម៉ាឡេស៉ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលម៉ាឡេស៉ី បានសម្រេចដូចខាងលើ បន្ទាប់ពីធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ ចំពោះទិន្នន័យចុងថ្មីក្រោយ រួមទាំងទិន្នន័យបានមកពីបណ្តាប្រទេសដទៃៗទៀតដែលបង្ហាញថា វ៉ាក់សាំង Sinovac ពិតជាមានសុវត្ថិភាព ប្រសិទ្ធភាព និងស្ថិរភាព សម្រាប់មនុស្សចំណាស់ៗ ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ។ វ៉ាក់សាំង Sinovac នឹងប្រើប្រាស់ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដំណាក់កាលទីពីរនេះ ព្រមជាមួយវ៉ាក់សាំង Pfizer-BioNTech ដែរ។

គួរបញ្ជាក់ថា ម៉ាឡេស៉ីទទួលបានវ៉ាក់សាំង COVID-19 សរុប ១.២លានដូស សម្រាប់ដំណាក់កាលទី១ ដែលភាគច្រើនជាវ៉ាក់សាំង Pfizer-BioNTech និង ២សែនដូសជារបស់ Sinovac។ ក្នុងខែមេសានេះ ម៉ាឡេស៉ីត្រូវគេរំពឹងថា នឹងទទួលបានវ៉ាក់សាំង Sinovac បាច់ទីពីរចំនួន ២.៥លានដូស ខណៈម៉ាឡេស៉ីរំពឹងថា នឹងទទួលបានវ៉ាក់សាំង Sinovac សរុប ១៣លានដូស រហូតដល់ខែកញ្ញាខាងមុខ៕