(សូឡូម៉ុន)៖ សេចក្តីរាយការណ៍មួយបានឲ្យដឹងថា កោះសូឡូម៉ុន (Solomon ) នៅថ្ងៃចន្ទនេះបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinopharm ជាជំហានដំបូងពីប្រទេសចិន ខណៈដែលប្រទេសកោះប៉ាស៊ីហ្វិកដំបូងគេ ដែលទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិន តាមរយៈបណ្តាញទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

ពិធីប្រគល់ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទនេះ នៅឯគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី នៃកោះសាឡូម៉ូន។ ឯកអគ្គរដ្ឋទូតចិនប្រចាំកោះសាឡូម៉ូនលោក Li Ming និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kolwick Togamana បានចុះហត្ថលេខាលើឯកសារប្រគល់វ៉ាក់សាំង នៅក្នុងពិធីមួយដែលចូលរួមដោយនាយករដ្ឋមន្រ្តីលោក Manase Sogavari។

លោក Sogavare បានថ្លែងអំណរគុណចំពោះភាគីចិន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយចិន។

ឯកអគ្គរដ្ឋទូតចិនលោក Li Ming បាននិយាយថា ការមកដល់នៃវ៉ាក់សាំងនេះ គឺបានបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបង្កើនក្តីសង្ឃឹមសម្រាប់កោះមួយនេះ ក្នុងការកម្ចាត់ជំងឺរាតត្បាត COVID-19 និងជួយសង្គ្រោះជីវិតមនុស្សជាច្រើននៅលើកោះនេះ។

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រហូតមកដល់ពេលនេះមានករណីឆ្លង COVID-19 ចំនួន ១៩ករណីត្រូវបានបញ្ជាក់នៅលើកោះសូឡូម៉ុន៕