(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីលោក Ismail Sabri Yaqoub បានប្រកាសនៅថ្ងៃចន្ទ ទី១២ ខែមេសានេះថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរបានគូសបញ្ជាក់ថា រដ្ឋ Johor , Kelantan, Penang, Selangor ព្រមទាំងទីក្រុងគូឡាឡាំពួ នឹងនៅតែស្ថិតក្រោមបទបញ្ជាហាមឃាត់ការធ្វើដំណើរ (CMCO) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ខណៈរដ្ឋ Sarawak នឹងបន្តអនុវត្ត CMCO ពីថ្ងៃទី១៣ ដល់ទី២៦ ខែមេសា។

ស្តីពីស្ថានការណ៍ Covid-19 នៅក្នុងប្រទេស លោក Ismail Sabri បាននិយាយថា ទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសម៉ាឡេស៊ីអាចប្រឈមនឹងរលកទី៤ នៃការឆ្លងរីករាលជំងឺ COVID-19 ខណៈដែលអត្រាអ្នកឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldmeter បានបង្ហាញថា នៅថ្ងៃអាទិត្យនេះម៉ាឡេស៊ីរកឃើញករណីឆ្លងថ្មីចំនួន ១,៣១៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣៦២,១៧៣ករណី ក្នុងនោះស្លាប់ ១,៣៣៣នាក់ និងជាសះស្បើយ ៣៤៥,០០៥៕