(ប៉ារីស)៖ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ និងស្ត្រីម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃចន្ទសប្ដាហ៍នេះ នៅក្នុងការបាញ់ប្រហារមួយ ដែលកើតឡើងនៅក្រៅ មន្ទីរពេទ្យមួយកន្លែងនៃទីក្រុងប៉ារីស ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។

បើតាមក្រុមអ្នកស៊ើបអង្កេត ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណរូបនោះ បានបាញ់ប្រហារជាច្រើនគ្រាប់នៅឯមន្ទីរពេទ្យឯកជន ហេនរី ឌូណាន់ (Henry Dunant) ដែលគ្រប់គ្រងដោយកាកបាទក្រហមនៅក្នុងសង្កាត់ទី១៦ ដែលបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។

បុរសដែលស្លាប់នោះ ត្រូវគេបង្ហើបឲ្យដឹងថា បានកើតនៅឆ្នាំ១៩៨៧ និងជាមនុស្សដែលល្បីម្នាក់ខាងឃាតកម្ម ជួញដូរគ្រឿងញៀន និងសមាគមឧក្រិដ្ឋជន ជាដើម។ ចំណែកឯ ស្រ្តីដែលរងរបួសនោះ ជាសន្តិសុខនៅឯមន្ទីរពេទ្យ ដែលបើកជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។

អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបាញ់ប្រហារ ដែលកើតឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រហែលវេលាម៉ោង ០១៖៣០នាទីរសៀល។ បុរសនោះបានស្លាប់ ហើយស្រ្តីនោះ ក៏កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងផងដែរ ខណៈស្ថានភាពរបស់នាងមិននឹងនរនោះទេ។

អភិបាលក្រុងប៉ារីស លោក ហ្រ្វាន់ស៉ីស ស៉្ពាយណឺ (Francis Szpiner) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ទៅលើបុរសនោះ។ វាហាក់បីដូចជា ស្រ្តីជាសន្តិសុខ បានរងគ្រាប់កាំភ្លើងដោយចៃដន្យ។ បើតាម លោក Szpiner ការបាញ់ប្រហារនេះ មិនមែនជាសកម្មភាពភេរវកម្មឡើយ ហើយក៏មិនមានគោលដៅផ្ទាល់លើ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងដែរ ពោលគឺវាទំនងជាទង្វើពាលស៉ីពាល។

គួរបញ្ជាក់ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនោះ ស្ថិតនៅជិតទន្លេ Seine ដែលមានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីភាគខាងត្បូងប៉ម Eiffel Tower និងនៅជិតកីឡដ្ឋានបាល់ទាត់ Parc des Princes នៅក្នុងសង្កាត់ទី១៦៕