(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការអំពាវនាវយ៉ាងទទូច ឲ្យអាជ្ញាធរប្រទេសនានាទូទាំងពិភពលោក ទប់ស្កាត់ការជួញដូរសត្វព្រៃរស់ (ជាប្រភេទពពួកសត្វព្រៃ ចិញ្ចឹមកូនដោយទឹកដោះគ្រប់ប្រភេទ) នៅលើទីផ្សារ ដើម្បីទប់ស្កាត់កុំឲ្យមានវីរុសថ្មីទៀតលេចឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាល្ងាចថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។

WHO បានលើកឡើងផងដែរថា ដោយសារតែទីផ្សារបែបប្រពៃណី នៅតែដើរតួនាទីស្នូលក្នុងការផ្តល់ចំណីអាហារ និងការប្រកបរបរចិញ្ចឹមជីវិត សម្រាប់ប្រជាជនជាច្រើននៅលើភពផែនដី ការហាមឃាត់ការលក់សត្វព្រៃខាងលើនេះ ក៏អាចជួយការពារដល់សុខភាពអ្នកលក់ដូរ និងអ្នកដើរទិញទំនិញក្នុងផ្សារទាំងនោះផងដែរ។

គួរបញ្ជាក់ថា ការអំពាវនាវដោយ WHO ខាងលើនេះ គឺស្របទៅនឹងលទ្ធផលស៊ើបអង្កេតរបស់ខ្លួន ដែលបានរកឃើញថា វីរុសកូរ៉ូណាថ្មីដែលបានបង្កទៅជាជំងឺ COVID-19 មានប្រភពដើមចេញផ្សារលក់ម្ហូបអាហារមួយកន្លែង នៅក្នុងទីក្រុងវូហាន ប្រទេសចិន ដោយពីដំបូងឡើយម្ចាស់តូបលក់ទំនិញគឺជាអ្នកឆ្លងជំងឺ ហើយក៏ចម្លងបន្តទៅដល់បុគ្គលិកផ្សារ និងភ្ញៀវដែលមកទិញទំនិញជាបន្តបន្ទាប់៕