(វ៉ាស៉ីនតោន)៖ អតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក គ្រីស ដូដ (Chris Dodd) និងអតីតអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រីឆាដ អាមីថេច (Richard Armitage) និងលោក ជែម ស្តែនបឺហ្គ (James Steinberg) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានធ្វើដំណើរទៅកាន់តៃវ៉ាន់ ក្រោមសំណើរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកម្នាក់ បាននិយាយថា ការបញ្ជូនប្រតិភូក្រៅផ្លូវការខាងលើឲ្យទៅទស្សនកិច្ចនៅតៃវ៉ាន់ គឺស្របពេលដែលសហរដ្ឋអាមេរិកនិងតៃវ៉ាន់ អបអរគម្រប់ខួប៤២ឆ្នាំ នៃច្បាប់អាមេរិកស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ ដែលលោក បៃដិន ធ្លាប់បានបោះឆ្នោតគាំទ្រដោយផ្ទាល់ កាលពីពេលនោះនៅជាសមាជិកព្រឹទ្ធសភាអាមេរិក។ មួយវិញទៀត វាគឺជាសញ្ញាដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញារបស់អាមេរិកចំពោះតៃវ៉ាន់ ហើយនិងលទ្ធិប្រជាធិបតេយ្យរបស់ដែនដីកោះនេះ។

បើតាមក្រសួងការបរទេសតៃវ៉ាន់ ប្រតិភូអាមេរិកនឹងទៅដល់អាកាសយានដ្ឋានសុងសាន (Songshan) នៃទីក្រុងតៃប៉ិ នារសៀលថ្ងៃពុធនេះ។ ពេលទៅដល់ទីនោះក្រៅពីជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់តៃវ៉ាន់ ប្រតិភូអាមេរិក ក៏នឹងត្រូវប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ទទួលជួបនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងការបរទេសអាមេរិក បានប្រកាសពីការដាក់ចេញគោលការណ៍ណែនាំថ្មី ដើម្បីបើកឲ្យមន្រ្តីអាមេរិកអាចជួបជាមួយមន្រ្តីតៃវ៉ាន់ បានដោយសេរីជាងមុន ដោយវាជាទង្វើមួយដែលធ្វើឲ្យទំនាក់ទំនងកាន់តែស៉ីជម្រៅជាមួយទីក្រុង តៃប៉ិ នៅចំពោះមុខការបង្កើនសកម្មភាពយោធា របស់ចិននៅជុំវិញតៃវ៉ាន់៕