(បាងកក)៖ នេះជាលើកដំបូងហើយដែលប្រទេសថៃ បានរកឃើញអ្នកឆ្លង COVID-19 រហូតដល់លើស ១,០០០នាក់ក្នុងមួយថ្ងៃ គិតចាប់តាំងពីជំងឺនេះត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

នៅថ្ងៃពុធនេះអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) បានប្រកាសពីតួលេខអ្នកឆ្លងជំងឺនេះ ដែលត្រូវបានរកឃើញក្នុងកំឡុងពេល ២៤ម៉ោង មានចំនួនរហូតដល់ទៅ ១,៣៣៥នាក់ឯណោះ លើសកាលពីថ្ងៃអង្គារម្សិលមិញ ដែលមានចំនួនជាង ៩៥០នាក់។ ទីក្រុងបាងកកស្ថិតនៅកំពូលតារាង ជាមួយនិងចំនួនអ្នកឆ្លង COVID-19 ដែលត្រូវបានរកឃើញប្រមាណ ៣៥១នាក់ ខណៈខេត្តឈៀងម៉ៃវិញរកឃើញ ៣១៩នាក់ និងខេត្តប្រាជួបគិរីខាន់ មានចំនួនករណីឆ្លង ១៦១នាក់។

គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣៥,៩១០ករណី ក្នុងនោះស្លាប់ ៩៧នាក់ និងជាសះស្បើយវិញ ២៨,៣២២នាក់។ បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ៧,៤៩១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់យុទ្ធការចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ គឺកំពុងប្រព្រឹត្តទៅសន្សឹមៗប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃពុធដដែលនេះ ការចាក់បានកើនឡើងដល់ជាង ៥៧៩,៣០០ដូស៕