(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ីន នាថ្ងៃពុធនេះបានបង្គាប់ឲ្យមន្រ្តីរបស់ខ្លួន ថ្លឹងថ្លែងលើការដាក់ញត្តិទៅកាន់តុលាការអន្តរជាតិ ជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងបញ្ចេញកាកសំណល់ទឹក ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា (Fukushima)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុនបានប្រកាសពីការសម្រេចចិត្តថា នឹងបញ្ចេញកាកសំណល់ទឹកជាង ១លានតោន ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ ចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក នៅរយៈពេលប្រហែល ០២ឆ្នាំទៀត ក្រោយការច្រោះយកធាតុវិទ្យុសកម្ម ចេញពីទឹកទាំងនោះ។

យ៉ាងណាមិញ ដូចប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ កូរ៉េខាងត្បូងបានសម្តែងការជំទាស់ជាខ្លាំង ចំពោះការសម្រេចចិត្តរបស់ជប៉ុន ដោយថែមទាំងបានកោះហៅ ឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងសេអ៊ូល លោក កូអ៉ីឈិ អៃបូហ្សិ (Koichi Aiboshi) មកសួរនាំ និងកោះប្រជុំអន្តរស្ថាប័នជាបន្ទាន់ ដើម្បីរិះរកចំណាត់ការឆ្លើយតបទៀតផង។ ក្នុងកិច្ចប្រជុំដាច់ដោយឡែកនៅថ្ងៃពុធនេះ លោក មូន ជែអ៉ីន បានស្នើឲ្យរកមធ្យោបាយ ដើម្បីលើកយកគម្រោងបញ្ចេញសំណល់ទឹក ពីរោងចក្រនុយក្លេអ៊ែរ Fukushima នេះទៅដល់តុលាការអន្តរជាតិ ដែលទទួលបន្ទុកលើច្បាប់គ្រប់គ្រងដែនសមុទ្រ។

គួរបញ្ជាក់ថា ក្រៅពីរងការប្រឆាំងពីបណ្តាប្រទេសជិតខាង ក្រុមការពារបរិស្ថាន និងសហគមន៍អ្នកនេសាទនៅក្នុងប្រទេសជប៉ុនផ្ទាល់ ក៏បានសម្តែងការជំទាស់ ក៏ដូចជាក្តីព្រួយបារម្ភផងដែរ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុនបានធានាអះអាងថា «វានឹងមិនបង្កហានិភ័យអ្វីនោះទេ ព្រោះនៅពេលទឹកដែលត្រូវបញ្ចេញ ចូលទៅក្នុងសមុទ្រទាំងនោះ ពួកវានឹងត្រូវច្រោះយកធាតុវិទ្យុសកម្ម ចេញសឹងទាំងអស់ជាមុន»។ មួយវិញទៀត អង្គការឃ្លាំមើលថាមអាតូមិចអន្តរជាតិ (IAEA) ក៏បានផ្តល់ការគាំទ្រដល់ជប៉ុនផងដែរ ដោយពន្យល់ថា ទង្វើរបស់ជប៉ុន វាមិនខុសអ្វីពីការបញ្ចេញកាកសំណល់ទឹក នៅតាមរោងចក្រនុយក្លេអ៊ែរដទៃទៀត នៅជុំវិញពិភពលោកឡើយ៕