(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងពិចារណាលើសំណើរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលចង់ឲ្យមានជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃអង្គារនេះ លោក Biden បានលើកឡើងថា មេដឹកនាំទាំងពីរគួរតែរៀបចំកិច្ចប្រជុំកំពូលមួយនាពេលអនាគតដ៏ខ្លី ខណៈដែលទំនាក់ទំនងរវាងអតីតប្រទេសគូប្រជែងសង្គ្រាមត្រជាក់ទាំងពីរ កំពុងមានភាពតានតឹងនឹងគ្នាខ្លាំង។

ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «វាដូចជាលឿនពេកក្នុងការនិយាយលម្អិតអំពីកិច្ចប្រជុំនេះ។ នេះគឺជាសំណើថ្មី ហើយវានឹងត្រូវការពេកដើម្បីសិក្សាពីវា»

លោកបានបន្ថែមទៀតថា នៅមិនទាន់មានរបៀបវារៈជាក់លាក់ណាមួយសម្រាប់កិច្ចប្រជុំកំពូលនេះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា«ទំនាក់ទំនងទ្វេភាគីពិតជាមានសារសំខាន់» នៅក្នុងវិស័យដែលមានផលប្រយោជន៍រួម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចោទថារុស្ស៊ីក្រសោបយកតំបន់ឧបទ្វីប Crimea ពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ការវាយប្រយុទ្ធ គ្នាបានកើនឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗ នេះនៅភាគខាងកើតប្រទេសអ៊ុយក្រែនជាកន្លែងដែលកងកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធជាមួយក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងជម្លោះរយៈពេល ៧ឆ្នាំដែលក្រុងកៀវ (Kyiv) និយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤,០០០នាក់៕