(ដាណឺម៉ាក)៖ ប្រទេសដាណឺម៉ាកបានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងសហភាពអឺរ៉ុប ដែលបានបោះបង់ចោលការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរជំុវិញបញ្ហាកំណកឈាម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

 អាជ្ញាធរសុខភាពនៃប្រទេសដាណឺម៉ាកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ប្រទេសនេះបានសម្រេចចិត្តបន្តកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដោយមិនចាំបាច់មានវ៉ាក់សាំង AstraZeneca ទៀតឡើយ»

អាជ្ញាធរបានសង្កត់ធ្ងន់ថា «មានការផ្សារភ្ជាប់គ្នារវាងផលរំខានដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ និងវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca ។ វាបានចុះបញ្ជីថាមាន ហានិភ័យនៃបញ្ហាកំណកឈាម ការហូរឈាម និងចំនួនប្លាកែតឈាមទាប»

គួរបញ្ជាក់ថា ដាណឺម៉ាកគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានផ្អាកការចាក់វ៉ាក់សាំងនេះកាលពីថ្ងៃទី១១ ខែមីនា បន្ទាប់ពីមានរបាយការណ៍អំពីកំណកឈាម។ នៅពេលនោះអាជ្ញាធរសុខាភិបាលដាណឺម៉ាកបានហៅការសម្រេចចិត្តនេះថា ជាការប្រុងប្រយ័ត្នជាមុន និងបញ្ជាក់ជាថ្មីអំពីទស្សនៈរបស់ខ្លួន ថាវ៉ាក់សាំងរបស់ Astra មានប្រសិទ្ធភាព និងមានសុវត្ថិភាព៕