(អង់ការ៉ា)៖ រដ្ឋមន្រ្តីក្រសួងការបរទេសតួកគីលោក Mevlut Cavusoglu បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការឆ្លងកាត់នាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ០២គ្រឿង ដែលគ្រោងនឹងឆ្លងកាត់ប្រទេសតួកគីទៅកាន់សមុទ្រខ្មៅនោះ ត្រូវបានលុបចោលហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

លោក Cavusoglu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក NTV ថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់ក្រសួងការបរទេសតួកគី អំពីការលុបចោលខាងលើដោយផ្ទាល់មាត់កាលពីថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា មិនមានហេតុផលណាមួយ ត្រូវបានបញ្ជាក់ឲ្យដឹងចំពោះការផ្តាស់ប្តូរផែនការនេះទេ។ បើតាមក្រសួងការបរទេសតួកគី នាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ០២គ្រឿងនោះ គ្រោងនឹងឆ្ពោះទៅកាន់សមុទ្រខ្មៅនៅថ្ងៃទី១៤ និង១៥ ខែមេសានេះ។

គម្រោងបញ្ជូននាវានេះទៀតសោត កើតឡើងចំពេលដែលសកម្មភាពយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន មានសភាពកាន់តែតានតឹងឡើង។ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថា ការពង្រាយកងទ័ពជើងទឹកនៅក្នុងសមុទ្រខ្មៅជាទង្វើបង្ករហេតុ ហើយអំនាវនាវឲ្យនៅឆ្ងាយពីតំបន់នោះ៕