(ម៉ានីល)៖ កូនស្រីរបស់មេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បាននិយាយថា គ្មានឱកាសដែលលោកស្រីនឹងឈរឈ្មោះ ជាប្រធានាធិបតីនៅឆ្នាំក្រោយទេ។ ឪពុករបស់លោកស្រីបាននិយាយថា តំណែងជាប្រធានាធិបតី មិនមែនជាការងាររបស់ស្ត្រីទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

លោក ម៉ា មេសាំងហ្គីដ (Mar Masanguid) អាយុ ៧៦ឆ្នាំ ដែលធ្លាប់បានដឹកនាំចលនានៅពីក្រោយតំណែងជាប្រធានាធិបតីរបស់លោក Duterte កាលពីឆ្នាំ២០១៦ ឥឡូវនេះបានបង្កើតក្រុមមួយ ដើម្បីគាំទ្រកូនស្រីរបស់លោក Duterte គឺលោកស្រី សារ៉ា ឌូតឺតេ ខាពីយ៉ូ (Sara Duterte Carpio) ដែលមានវ័យ ៤២ឆ្នាំ។

ការស្ទង់មតិបង្ហាញថា លោកស្រី Sara Duterte បានឈានមុខគេជាងបេក្ខជនសក្តានុពលផ្សេងទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ខាងមុខនេះ នៅពេលដែលលោក Duterte ត្រូវផុតអាណត្តិដឹកនាំរយៈពេល ០៦ឆ្នាំ។ ប៉ុន្តែលោកស្រី Sara Duterte បានគូសបញ្ជាក់ប្រាប់សសារព័ត៌មាន Reuters ថា លោកស្រីបានគិតយ៉ាងម៉ត់ចត់ ហើយបានសម្រេចចិត្តមិនព្យាយាម រកការបន្តវេនពីឪពុកខ្លួន ដើម្បីបន្តធ្វើជាប្រធានាធិបតីតជំនាន់នោះទេ។

លោកស្រី បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ខ្ញុំបានធ្វើតារាងវិភាគមួយ ដើម្បីស្ទាបស្ទង់មើលថា តើខ្ញុំគួរ ឬ មិនគួរ មុននឹងខ្ញុំសម្រេចថា មិនឈ្មោះក្នុងការបោះឆ្នោត»។ លោកស្រី Sara Duterte បានបញ្ជាក់ប្រាប់ Reuters ទៀតថា លោកស្រីមិនទាន់ជម្រាបឪពុកអំពីមូលហេតុ នៃការសម្រេចចិត្តមិនឈរឈ្មោះនេះឡើយ។

គួរបញ្ជាក់ថា ផ្ទាំងរូបភាព ផ្ទាំងបដា អាវយឺត ប្រតិទិនដែលមានរូបភាពរបស់លោកស្រី Sara Duterte ដែលមានពាក្យថា «Run, Sara, Run»«ឈរឈ្មោះទៅ សារ៉ា» បានលេចចេញនៅទូទាំងប្រទេសដីកោះ ដែលមានប្រជាជនរស់នៅប្រមាណ ១០៨លាននាក់មួយនេះ។ ជុំវិញបញ្ហានេះលោកស្រី បាននិយាយថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការជឿជាក់របស់ប្រជាជនទាំងអស់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែចង់ធ្វើជាប្រធានាធិបតីនោះទេ»