(បាងកក)៖ ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៥៨២នាក់ទៀតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដោយក្នុងនោះមានតែ ០៥នាក់់ប៉ុណ្ណោះ ជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

ករណីឆ្លង COVID-19 ដែលត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ គឺជាតួលេខខ្ពស់់បំផុតថ្មីមួយទៀតសម្រាប់ថៃ និងជាថ្ងៃទី ៥ ហើយដែលប្រទេសអាស៊ានមួយនេះ បានរាយការណ៍ករណីឆ្លង ប្រចាំថ្ងៃខ្ពស់បំផុត។ យ៉ាងណាក៏ដោយ ពុំមានករណីអ្នកជំងឺ COVID-19 បាត់បង់ជីវិតបន្ថែមទៀតនោះឡើយ នាប៉ុន្មានថ្ងៃកន្លងមកនេះ។ ទីក្រុងបាងកក និងខេត្តឈៀងម៉ៃនៅតែជាតំបន់ ដែលរ៉ាប់រងករណីឆ្លងច្រើនបំផុត។

គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣៩,០៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩៧នាក់ និងជាសះស្បើយឡើងវិញ ២៨,៤៨០នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួនជាង ១០,០០០នាក់។ ប្រទេសថៃក៏កំពុងតែពិនិត្យមើលលទ្ធភាព ក្នុងការកែច្នៃសាលធំៗនៅតាមតំបន់ ដែលកំពុងរងគ្រោះខ្លាំងដោយ COVID-19 ធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីទទួលព្យាបាលអ្នកជំងឺ ដែលកំពុងកើនឡើងយ៉ាងគំហុកផងដែរ៕