(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshihide Suga) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងគោលបំណងបង្ហាញពីភាពខ្លាំងក្លា នៃសម្ព័ន្ធភាពសន្តិសុខរបស់ប្រទេសទាំងពីរ ខណៈប្រទេសទាំងពីរមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការកើនឡើងផ្នែកសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

កិច្ចពិភាក្សាដែលប្រព្រឹត្តិទៅនៅថ្ងៃសុក្រសប្ដាហ៍នេះ គឺជាជំនួបផ្ទាល់លើកដំបូងរបស់លោកប្រធានាធិបតី Biden ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោកចូលកាន់តំណែង ហើយវាកើតឡើង នៅក្រោយភាពមិនច្បាស់លាស់អស់រយៈពេល០៤ឆ្នាំ សម្រាប់សម្ព័ន្ធមិត្តជប៉ុន-អាមេរិក ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

បើតាមក្រសួងការបរទេសជប៉ុន លោក Suga សង្ឃឹមថា នឹងបញ្ជាក់ជាថ្មីនូវចំណងដ៏រឹងមាំរបស់សម្ព័ន្ធមិត្តទាំងពីរ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពហុជាតិ ដើម្បីការពារតម្លៃប្រជាធិបតេយ្យ និងប្រឆាំងនឹងការកើនឡើងនៃ ឥទ្ធិពលលើឆាកអន្តរជាតិ និងការទាមទារទឹកដីដែលមានជម្លោះរបស់ប្រទេសចិន ។

លោក Suga បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មុនពេលធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុនថា «ខ្ញុំសង្ឃឹមថានឹងអភិវឌ្ឍទំនាក់ទំនង នៃការទុកចិត្តគ្នាជាមួយលោកប្រធានាធិបតី Biden និងពង្រឹងបន្ថែមនូវសម្ព័ន្ធមិត្តជប៉ុន-អាមេរិក ដោយឱ្យតម្លៃជាសាកលនៃសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ»។

លោក Suga បានគូសបញ្ជាក់ប្រាប់បន្ថែមថា លោក និងលោក Biden នឹង «ប្រៀបធៀប និងកែសម្រួលគោលនយោបាយរបស់យើង ហើយយើងនឹងបង្ហាញដល់ពិភពលោកទាំងមូល នូវការដឹកនាំរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ឆ្ពោះទៅរកការសម្រេចបាននូវសេរីភាព និងការបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីជប៉ុន លោក Biden និងលោក Suga ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិធីគ្រប់គ្រងសន្តិភាព និងស្ថេរភាពនៃដែនសមុទ្រក្នុងតំបន់ រួមទាំងច្រកសមុទ្រតៃវ៉ាន់ ដែលមានភាពតានតឹងកំពុងតែកើនឡើង និងស្ថានភាពសិទ្ធិមនុស្សនៅទីក្រុងហុងកុង និងតំបន់ Xinjiang ភាគពាយ័ព្យរបស់ប្រទេសចិនផងដែរ៕