(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នៅថ្ងៃសុក្រនេះ បានព្រមានថា ការបើកឆាប់បើកព្រំប្រទល់ប្រទេសពេកនោះ អាចនាំទៅរកការផ្ទុះឡើងខ្លាំងសាជាថ្មីវិញនៃករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅ ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

លោក Morrison បាននិយាយថា វ៉ាក់សាំង COVID-19 មិនមែនជាវត្ថុដែលអាចផ្តល់ការការពារបានទាំងស្រុងនោះទេ ហើយប្រជាជនអូស្រ្តាលីនឹងត្រូវតែត្រៀមខ្លួន សម្រាប់ការផ្ទុះឡើងវិញនូវករណីឆ្លងជាមិនខាន ប្រសិនបើវិធានការរឹតត្បិតព្រំប្រទល់ប្រទេស ត្រូវដកចេញវិញឆាប់ខ្លាំងពេក។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កំឡុងវេទិកាសហគមន៍មួយ នៅរដ្ឋអូស្រ្តាលីខាងលិច លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានលើកឡើងថា រដ្ឋាភិបាលកំពុងតែពិចារណាអនុញ្ញាតឲ្យ ពលរដ្ឋអូស្រ្តាលីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ អាចធ្វើដំណើរចេញពីប្រទេសបាន សម្រាប់គោលបំណងសំខាន់ៗ ដូចជាការងារ ហេតុផលសុខភាព ឬបុណ្យសព ជាដើម ហើយពួកគេនឹងអនុញ្ញាតឲ្យ ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួន ពេលត្រឡប់មកដល់អូស្រ្តាលីវិញ។

គួរបញ្ជាក់ថា ព្រំប្រទល់ប្រទេសអូស្រ្តាលី ត្រូវបានបិទរហូតមក ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដោយអ្នករស់នៅអូស្រ្តាលី និងពលរដ្ឋអូស្រ្តាលីទាំងអស់ ដែលត្រឡប់ពីក្រៅប្រទេសចូលមកអូស្រ្តាលីវិញ ត្រូវតែចំណាយពេល១៤ថ្ងៃ ធ្វើចត្តាឡីស័កនៅសណ្ឋាគារ ដែលបានកំណត់៕