(ម៉ូស្គូ)៖ ក្រសួងការពារជាតិនៃប្រទេសរុស្ស៉ីបានឲ្យដឹងថា នៅថ្ងៃសុក្រនេះ យន្តហោះចម្បាំងរុស្ស៉ី MiG-31 បានហោះស្ទាក់ និងអមដំណើរ យន្តហោះឈ្លបការណ៍មួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅលើផ្ទៃអាកាសនៃតំបន់មហាសមុទ្រប៉ាស៉ីហ្វិកថ្មីម្តងទៀត ខណៈហេតុការណ៍ស្រដៀងគ្នានេះ ទើបតែបានកើតឡើងកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

ក្រសួងការពារជាតិរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធរ៉ាដារបស់ប្រទេសរុស្ស៉ី បានប្រទះឃើញគោលដៅមួយលើផ្ទៃអាកាស ធ្វើដំណើរសំដៅមកក្បែរប្រំទល់នៃដែនដីរបស់រុស្ស៉ី នៅលើមហាសមុទ្រប៉ាស៉ីហ្វិក។ ភ្លាមៗនោះ យន្តហោះចម្បាំង MiG-31 មួយគ្រឿង ត្រូវបានចល័តចេញពីមូលដ្ឋានទ័ពអាកាស នៅឧបទ្វីប Kamchatka របស់រុស្ស៉ី ជាការឆ្លើយតប។ យន្តហោះចម្បាំង MiG-31 ក៏បានឃើញយន្តហោះអាមេរិកធុន RC-135 ដែលជាប្រភេទឈ្លបការណ៍ ហើយអមដំណើរយន្តហោះនោះ នៅលើផ្ទៃអាកាសនៃមហាសមុទ្រប៉ាស៉ីហ្វិក ។

គួរបញ្ជាក់ថា យន្តហោះចម្បាំងរុស្ស៉ីបានហោះអមយន្តហោះឈ្លបការណ៍អាមេរិក រហូតដល់យន្តហោះអាមេរិកចេញផុតឆ្ងាយពីព្រំប្រទល់ របស់ប្រទេសរុស្ស៉ី ហើយយន្តហោះឈ្លបការណ៍របស់អាមេរិក មិនបានបំពានចូលក្នុងដែនអាកាសរបស់រុស្ស៉ីឡើយ។ កាលពីចុងសប្តាហ៍មុន យន្តហោះចម្បាំងរុស្ស៉ី MiG-31 ក៏បានហោះស្ទាក់យន្តហោះឈ្លបការណ៍អាមេរិក RC-135 ដែរ ហើយនៅលើមហាសមុទ្រប៉ាស៉ីហ្វិកដដែល៕