(សេអ៊ូល)៖ ក្នុងការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នាថ្ងៃសុក្រនេះ បានសម្រេចតែងតាំងនាយករដ្ឋមន្រ្តីថ្មី ព្រមទាំងរដ្ឋមន្រ្តីចំនួន០៦រូបផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

លោក មូន បានតែងតាំងលោក គីម ប៊ូយុម (Kim Boo-kyum) ដែលជាអតីតរដ្ឋមន្រ្តីមហាផ្ទៃ និងជាសមាជិកសភា០៤អាណត្តិ ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីជំនួស លោក ជុង សេយុន (Chung Sye-kyun)។ ចំណែកតំណែងរដ្ឋមន្រ្តីចំនួន០៦រូប ដែលត្រូវបានផ្លាស់ប្តូរផងដែរនោះ រួមមានរដ្ឋមន្រ្តីដែនដី រដ្ឋមន្រ្តីឧស្សាហកម្ម រដ្ឋមន្រ្តីជលផល រដ្ឋមន្រ្តីការងារ រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងរដ្ឋមន្រ្តីបច្ចេកវិទ្យា។

គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្រ្តីនេះ កើតមានឡើងប្រមាណជាមួយសប្តាហ៍ បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោក មូន ចេអ៉ីន បានទទួលបរាជ័យក្នុងការបោះឆ្នោតសម្រាប់តំណែងអភិបាលក្រុង ដែលវាគឺជាការធ្វើតេស្តមួយ មុនការមកដល់នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២៕