(រ៉ង់ហ្គូន)៖ ក្រុមអ្នកប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា នាថ្ងៃសុក្រនេះ បានប្រកាសបង្កើតរដ្ឋាភិបាលផ្ទាល់ខ្លួនមួយតែម្តង ជាមួយគោលដៅចម្បង ស្វែងរកការគាំទ្រ និងទទួលស្គាល់ពីអន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

សកម្មជនប្រជាធិបតេយ្យជើងចាស់ម្នាក់របស់មីយ៉ាន់ម៉ា គឺលោក មីន កូ ណេង (Min Ko Naing) បានប្រកាសពីការបង្កើតរដ្ឋាភិបាលខាងលើ ដែលហៅថា «រដ្ឋាភិបាលរួបរួមជាតិ (National Unity Government)»។ លោក Naing បាននិយាយថា ឆន្ទៈប្រជាជនគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលរួបរួមជាតិនេះ ហើយវត្ថុបំណងចម្បងបំផុតមួយគឺ ស្វែងរកការគាំទ្រក៏ដូចជាទទួលស្គាល់ពីអន្តរជាតិ។

រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា បានបង្ហាញសមាសភាពមួយចំនួន ដែលរួមមានអតីតសមាជិកសភារបស់គណបក្ស លោកស្រី អោង សាន ស៊ូ ជី ព្រមទាំងមេដឹកនាំចលនាបាតុកម្ម និងសមាជិកនៃសហគមន៍ជនជាតិភាគតិចជាដើម។ រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលដៅគឺធ្វើយ៉ាងបញ្ចប់អំពើហិង្សា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងកសាងសហភាពសហព័ន្ធប្រជាធិបតយ្យមួយ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរយ៉ាងហិង្សា ចាប់តាំងតែពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានទម្លាក់ រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី ស៊ូ ជី ក្រោយការទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅអាណត្តិទី២ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន ខណៈយោធាចោទថា ការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយមិនប្រក្រតី។

នៅក្នុងថ្ងៃសុក្រនេះដែរ គេនៅមិនទាន់ឃើញមានសេចក្តីរាយការណ៍ណាមួយ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដូចជាការធ្វើបាតុកម្ម និងបង្ក្រាបដូចសព្វមួយដងនោះឡើយ។ ដោយឡែកការឆ្លើយតបរបស់យោធាមីយ៉ាន់ម៉ា ទៅនឹងការបង្កើតរដ្ឋាភិបាលថ្មី ដោយក្រុមអ្នកប្រឆាំងរបបខ្លួនខាងលើនេះ ក៏មិនឃើញមាននៅឡើយដែរ៕