(វ៉ាស៉ីនតោន)៖ យោងតាមឯកសារថ្មីៗមួយចំនួន ដែលពីមុនមកត្រូវចាត់ទុកជា ការណ៍សម្ងាត់នោះបានទម្លាយឲ្យដឹងថា ទីភ្នាក់ងារចារកម្មអាមេរិក (CIA) បានប៉ុនប៉ងធ្វើឃាតលើកដំបូងបង្អស់ លើមេដឹកនាំគុយបាលោក រ៉ាអ៊ូល ខាស្ត្រូ (Raul Castro) កាលពីឆ្នាំ១៩៦០ តាមរយៈការជួលអ្នកបើកយន្តហោះម្នាក់ ឲ្យដឹកលោក Castro ពីទីក្រុងប្រាកនៃប្រទេសឆែក ទៅកាន់ទីក្រុងឡាហាវ៉ាន់វិញ ដើម្បីរៀបចំឲ្យលោក Castro បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចៃដន្យមួយ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

អ្នកបើកយន្តហោះនោះឈ្មោះ ចូ រ៉ាអ៊ូល ម៉ាទីណែស (Jose Raul Martinez) ត្រូវបាន CIA សន្យាផ្តល់លុយ ១០,០០០ដុល្លារ និងការអប់រំនៅសាកលវិទ្យាល័យ ដល់កូនប្រុសពីរនាក់របស់ខ្លួន ប្រសិនបើលោក Raul Castro ស្លាប់ក្នុងផែនការខាងលើ។ ប៉ុន្តែនៅពេលលោក Martinez ចេញដំណើរទៅកាន់ទីក្រុងប្រាក ទីភ្នាក់ងារ CIA អាមេរិក បានប្រាប់បណ្តាញខ្លួននៅទីក្រុងឡាហាវ៉ាន់ ឲ្យលុបចោលបេសកកម្មវិញ ហើយពេលនោះលោក Martinez លែងអាចទាក់ទងបានទៅហើយ។ យ៉ាងណាមិញ ពេលត្រឡប់មកដល់គុយបា លោក Martinez បានប្រាប់ CIA ថា លោកមិនមានឱកាសអនុវត្តតាមផែនការទេ។

ការទម្លាយឯកសារអំពីគម្រោងធ្វើឃាតនេះ បានលេចឡើងស្របពេលដែលលោក Raul Castro បានប្រកាសចុះចេញពីអំណាចទាំងស្រុងតែម្តង តាមរយៈការលាលែងពីតួនាទីជា អគ្គលេខាធិការបក្សកុម្មុយនិស្តគុយបា ដែលជាមុខតំណែងដ៏មានឥទ្ធិពលបំផុត។ ប្រការនេះគឺជាសញ្ញាបិទបញ្ចប់ជាផ្លូវការ នៃសម័យកាលគ្រប់គ្រងរយៈពេលជិត ៦ទសវត្សរ៍របស់បងប្អូនត្រកូល Castro នៅគុយបា។ អំណាចនឹងត្រូវធ្លាក់ទៅលើលោក មីហ្គែល ឌីយ៉ាស ខាណែល (Miguel Diaz-Canel) ដែលបានកាន់តួនាទីជាប្រធានាធិបតី នៃប្រទេសដីកោះមួយនេះ តាំងពីឆ្នាំ២០១៨មកមកម្ល៉េះ។

ដោយឡែកបងប្រុសរបស់លោក Raul Castro គឺលោក ហ្វីឌែល ខាស្ត្រូ (Fidel Castro) ដែលជាបិតាបដិវត្តន៍គុយបានោះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក រៀបគម្រោងធ្វើឃាតរាប់រយលើក តែមិនជោគជ័យឡើយ ហើយលោកបានទទួលមរណភាពកាលពីឆ្នាំ២០១៦ ក្នុងអាយុ ៩០ឆ្នាំ៕