(បាងកក)៖ នេះជាថ្ងៃទី ៣ ហើយដែលប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ខ្ទង់ ១,៥០០នាក់ក្នុងមួយថ្ងៃ ខណៈអ្នកជំងឺពីរនាក់ទៀតផងដែរ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ (CCSA) បានគូសបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ករណីវិជ្ជមានជំងឺ COVID-19 រហូតដល់ទៅ ១,៥៤៧នាក់ ត្រូវបានរាយការណ៍នៅក្នុងកំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ដោយក្នុងនោះមានតែ ០៣ករណីប៉ុណ្ណោះ ជាករណីនាំចូលមកពីក្រៅប្រទេស។

ចំពោះអ្នកជំងឺពីរនាក់ដែលបានស្លាប់នោះ គឺម្នាក់អាយុ ៣៨ឆ្នាំរស់នៅក្នុងខេត្ត តាក់ (Tak) និងម្នាក់ទៀតអាយុ ៥១ឆ្នាំរស់នៅក្នុងខេត្ត ផាធំ ថានី (Pathum Thani)។ គិតត្រឹមថ្ងៃសៅរ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤០,៥៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩៩នាក់ និងជាសះស្បើយវិញ ២៨,៥៧០នាក់ ខណៈអ្នកជំងឺរហូតដល់ជិត ១២,០០០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕