(ញូដេលី)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៣ហើយដែលប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ជាង ២០០,០០០នាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៉ីនហួរ។

បើតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៣៤,៦៩២នាក់ បន្ថែមទៀត ដែលត្រូវបានរាយការណ៍។ ប្រការនេះនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ១៤,៥២៦,៦០៩នាក់។ ក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺ COVID-19 ចំនួន ១,៣៤១នាក់ ក៏បានស្លាប់បាត់បង់ជីវិតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៧៥,៦៤៩នាក់។

ដោយឡែក បច្ចុប្បន្ននេះ នៅមានអ្នកជំងឺ COVID-19 សរុបចំនួន ១,៦៧៩,៧៤០នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺសរុបចំនួន ១២,៦៧១,២២០នាក់ទៀត បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺ COVID-19 បានបន្តកើនឡើងដល់កម្រិតខ្ពស់ៗបំផុតនៅក្នុងប្រទេសឥណ្ឌា ជារៀងរាល់ថ្ងៃ ដោយសារតែរដ្ឋាភិបាលឥណ្ឌា បានច្រានចោលការអំពាវនាវឱ្យមានការបិទប្រទេសទាំងស្រុង ដើម្បីទប់ទល់នឹងស្ថានភាព ដែលកាន់តែអាក្រក់ទៅៗនេះ។

ទោះជាបែបនេះក្ដី សាលារៀនជាច្រើន ត្រូវបានសម្រេចឱ្យលុបចោលការប្រលង ឬក៏ត្រូវបានពន្យារពេលមួយរយៈសិន ដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាគ្រប់ទម្រង់ ដែលនឹងអាចនាំឱ្យមានការផ្ទុះឡើងនូវរលកថ្មីនៃជំងឺ COVID-19 កាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ។ បន្ថែមពីនេះ រដ្ឋធានីញូដេលី (New Delhi) ក៏បានសម្រេចដាក់ចេញនូវបម្រាមគោចរពេលយប់ ដែលបានចាប់ផ្ដើមកាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ រហូតដល់ព្រឹកថ្ងៃចន្ទសប្ដាហ៍ក្រោយផងដែរ។

សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញ គិតចាប់តាំងពីថ្ងៃទី១៦ ខែមករា រហូតមកទល់ពាក់កណ្ដាលខែមេសានេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន នៅទូទាំងប្រទេសជិត ១២០លាននាក់ហើយ៕