(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ១៨៩.៨១លានដូសហើយ ត្រូវបានយកទៅចាក់ជូនប្រជាជន នៅទូទាំងប្រទេស គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមមុខបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។

គួរបញ្ជាក់ថា បើគិតអំពីចំនួននៃការចាក់វ៉ាក់សាំង ធៀបនឹងភាគរយនៃប្រជាជនសរុប ប្រទេសចិនត្រូវបានគេមើលឃើញថា មានសភាពយឺតបន្តិច ប៉ុន្តែបើគេសម្លឹងមើលទៅលើការគ្រប់គ្រងស្ថានការណ៍ COVID-19 វិញនោះ គឺចិនកំពុងអនុវត្តយ៉ាងតឹងរ៉ឹង ដោយឈានចូលឆ្នាំ២០២១នេះ ពុំទាន់មានករណីផ្ទុះការឆ្លងជាចង្កោម ត្រូវបានរាយការណ៍ទៀតនោះឡើយ៕