(ប៉េកាំង)៖ យោងតាមរបាយការណ៍ឧស្សាហកម្មបានឲ្យដឹងថា ប្រទេសចិននឹងវ៉ាសហរដ្ឋអាមេរិកដើម្បីក្លាយជាទីផ្សារធំបំផុតរបស់ពិភពលោក សម្រាប់ឧបករណ៍ផ្ទះវៃឆ្លាត(smart home device) នៅចុងឆ្នាំ២០២៤ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ (IDC) បានបង្ហាញថា ការនាំចេញគ្រឿងប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា មានចំនួន ៣៦.៤ភាគរយនៃការនាំចេញសរុបទាំងអស់ នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤ ហើយនឹងកើនឡើងបន្ថែមទៀតដែលអាចដណ្តើមចំណែកទីផ្សារពិភពលោក ៣៨.៤ភាគរយនៅឆ្នាំ២០២៥ ។

IDC បានគូសបញ្ជាក់ថា អត្រាកំណើនប្រចាំឆ្នាំ នៃការនាំចេញឧបករណ៍ផ្ទះឆ្លាតវៃរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២១.៩ភាគរយក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ទិន្នន័យរបស់ IDC បានបង្ហាញទៀតថា កាលពីឆ្នាំ២០២០ ការនាំចេញឧបករណ៍ផ្ទះឆ្លាតវៃរបស់ចិន នៅទូទាំងពិភពលោកបានឈានដល់ ៨០១.៥លានគ្រឿង ដោយទីផ្សារប្រទេសចិនមានចំនួន ២៥.៥ភាគរយ។