(ប៉េកាំង)៖ ថ្ងៃទី១៦ ខែមេសា ប្រទេសចិនបានចេញផ្សាយទិន្នន័យជាផ្លូវការឱ្យ ដឹងថាតាមសិ្ថតិជាជំហានដំបូងនៅត្រីមាស ទីមួយឆ្នាំនេះផលិតផលក្នុងស្រុក សរុបរបស់ប្រទេសចិនមានចំនួន ២៤,៩៣១ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ១៨.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០។ មិនបាច់សង្ស័យឡើយ និយាយចំពោះសេដ្ឋកិច្ចចិនគឺជាកិច្ចចាប់ផ្តើម ដ៏ល្អប្រសើរក្នុងឆ្នាំនេះ ។

បន្ទាប់ពីឆ្លងកាត់ការធ្លាក់ចុះ ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន សេដ្ឋកិច្ចចិនបានងើបឡើងវិញប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ ហើយបានបង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងក្លា ដែលបាននាំមុខក្នុងជួរអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោកទាំងមូល។ ប្រការទាំងនេះ គឺដោយសារប្រទេសចិនមានដំណើរងើបឡើងវិញប្រកប ដោយភាពជឿនលឿនបង្គួរ និងបានងើបឡើងវិញក្នុងមូលដ្ឋានទាប។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចំណុចគួរឱ្យកត់សម្គាល់របស់សេដ្ឋកិច្ចចិន គឺការច្នៃប្រឌិតថ្មី។ ប្រការដែលគួរឱ្យអ្នកផងទាំងពួងមានសុទិដ្ឋិនិយម គឺក្នុងត្រីមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចចិនមានកម្លាំងចលករថ្មីកាន់តែខ្លាំង ឡើងៗ តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មបច្ចកទេសខ្ពស់ និងឧស្សាហកម្មផលិតកម្មផ្នែកគ្រឿងបរិក្ខារធុនមធ្យម និងធំ បានកើនឡើង ៣១.២ភាគរយ និង ៣៩.៩ភាគរយ ដោយឡែកពីគ្នាតួលេខទាំងពីរនេះ សុទ្ធតែខ្ពស់ជាងល្បឿនកំណើនជាទូទៅ នៃឧស្សាហកម្មធុនមធ្យម និងធំ ដោយឡែកបរិ មាណផលិតផលលើវិស័យរថយន្ត ថាមពលថ្មី មនុស្សយន្តឧស្សាហកម្មបរិក្ខារមីក្រូកំព្យទ័រ បានកើនឡើង ៣.១ ដង ១.១ដង និង ៧៣.៦ភាគរយ ដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំមុន ហើយល្បឿនកំណើនគិតជាមធ្យម ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សុទ្ធតែបានកើនឡើង ២ខ្ទង់ ក្រៅពីនេះការអភិវឌ្ឍឧស្សាហកម្មវៃឆ្លាត និងកាបូនទាបរបស់ប្រទេសចិន ក៏មានភាពខ្លាំងកា្លផងដែរ។

នាពេលថ្មីៗកន្លងទៅនេះលោកស្រី Kristalina Georgieva អគ្គនាយក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន បាននិងកំពុងនាំមកនូវឥទ្ធិពលវិជ្ជមាន ដល់តំបន់ដទៃទៀតនៅលើពិភពលោក តាមរយៈមធ្យោបាយពាណិជ្ជកម្ម និងសេចក្តីត្រូវការរបស់ប្រទេសចិន ចំពោះវត្ថុធាតុដើម របស់ប្រើប្រាស់ និងផលិតផល។ ក្នុងរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចថ្មីបំផុតរបស់អង្គការនេះ បានដំឡើងការប៉ាន់ប្រមាណ អំពីកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះពី ៨.១ភាគរយកាលពីមុន ឡើងដល់ ៨.៤ភាគរយ។

ជាការពិតណាស់ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងបរិយាកាស អន្តរជាតិដ៏ស្មុគស្មាញការងើបឡើងវិញនៃសេដ្ឋកិច្ចចិន នៅតែស្ថិតនៅក្រោមកម្លាំងសម្ពាធដដែល ប៉ុន្តែបើធ្វើការវិភាគពីកត្តាជាច្រើនក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ននេះ អាចជឿជាក់ថា អង្គភាពសេដ្ឋកិច្ចធំទីពីលើពិភពលោក មានការរំពឹងទុកអាចរក្សាការងើបឡើងវិញ ជាបន្តបន្ទាប់រីឯការងើបឡើងវិញ របស់សេដ្ឋកិច្ចសកល ក៏នឹងទទួលបានកម្លាំងចលករកាន់តែច្រើន ពីប្រទេសចិនផងដែរ៕