(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា បានការពារការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីប្រទេសអាហ្គានីស្ថាន ដោយនិយាយថា ការគំរាមកំហែងភេរវកម្មបានផ្លាស់ប្តូរទៅកន្លែងផ្សេងទៀតហើយ ដូច្នេះទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវផ្តោតធនធានលើបញ្ហាប្រឈមដូចជា បញ្ហាប្រទេសចិន និងបញ្ហាជំងឺឆ្លងរាតត្បាតសកល COVID-19 វិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

លោក Blinken បានគូសបញ្ជាក់ប្រាប់ស្ថានីយទូរទស្សន៍អាមេរិក ABC ថា «ការគំរាមកំហែងភេរវកម្ម បានផ្លាស់ប្តូរទៅកន្លែងផ្សេងទៀត ហើយយើងមានចំណុចសំខាន់ៗផ្សេងទៀត នៅក្នុងរបៀបវារៈរបស់យើង រួមមានទាំងទំនាក់ទំនងជាមួយប្រទេសចិន និងការដោះស្រាយរាល់បញ្ហាផ្សេងៗទៀតដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាជំងឺឆ្លងរាតត្បាតសកល COVID-19 ដែលពួកវាជាកន្លែងដែលយើងត្រូវផ្តោតលើថាមពល និងធនធានរបស់យើង»

លោក Blinken បានជួបជាមួយប្រធានាធិបតីអាហ្គានីស្ថាន លោក Ashraf Ghani ក៏ដូចជាមន្ត្រីជាន់ខ្ពស់អាមេរិកប្រចាំនៅទីក្រុង Kabul កាលពីសប្តាហ៍មុន ហើយបានផ្តល់ដំណឹងអំពីសេចក្តីប្រកាសរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍មុនថា លោក បៃដិន កំពុងបញ្ចប់ «សង្គ្រាមជារៀងរហូត» ដែលបានចាប់ផ្តើមឡើង ជាការឆ្លើយតបចពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

លោក Blinken បានគូសបញ្ជាក់ប្រាប់បន្ថែមថា សហរដ្ឋអាមេរិក «បានសម្រេចគោលដៅ ដែលយើងបានកំណត់ ដើម្បីរួចអស់ហើយ ដោយក្រុមឧទ្ទាម Al-Qaeda បានចុះអន់ថយយ៉ាងខ្លាំង ហើយ សមត្ថភាពរបស់ក្រុមនេះ ដើម្បីវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានគឺលែងមានទៀតហើយ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក នឹងដកកងកម្លាំងទាំងអស់ចេញ ពីប្រទេសអាហ្គានីស្ថាននៅមុនខួបលើកទី២០ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា។ បើតាមក្រសួងការពារជាតិអាមេរិក សព្វថ្ងៃមានកងទ័ពអាមេរិកប្រហែល ២,៥០០នាក់ ដែលកំពុងឈរជើង នៅក្នុងប្រទេសអាហ្គានីស្ថាន ខណៈរាប់ពាន់នាក់ទៀតបម្រើការ ជាផ្នែកនៃកងកម្លាំងចម្រុះចំនួន៩,៦០០នាក់ របស់អង្គការ NATO ដែលនឹងដកចេញក្នុងពេលតែមួយដូចគ្នា៕