(អាមេរិក)៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ ករណីបាញ់ប្រហារយ៉ាងហោច០៣ករណី ដាច់ដោយឡែកពីគ្នា បានកើតឡើងនៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

ហេតុការណ៍ខាងលើសុទ្ធតែបានកើតឡើង កាលពីថ្ងៃអាទិត្យ ទី១៨ ខែមេសា (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ ក្នុងនោះ មួយករណីស្ថិតហាងលក់គ្រឿងស្រវឹង ក្នុងទីក្រុង Shreveport រដ្ឋ Louisiana ដែលបណ្តាលមនុស្ស០៥នាក់ រងរបួសធ្ងន់។ មួយករណីទៀត ស្ថិតនៅអគារស្នាក់នៅ ក្នុងទីក្រុង Austin រដ្ឋ Texas ដែលបណ្តាលឲ្យមនុស្ស០៣នាក់ស្លាប់ និងករណីទីបី ស្ថិតនៅបារមួយកន្លែង ក្នុងតំបន់ Kenosha នៃរដ្ឋ Wisconsin ដែលបណ្តាលឲ្យមនុស្ស០៣នាក់ស្លាប់ និង០២នាក់របួស។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនករណីបាញ់ប្រហារនៅសហរដ្ឋអាមេរិក បានកើនឡើងគួរឲ្យកត់សម្គាល់ ដោយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស០៨នាក់ នៅឃ្លាំងទំនិញក្រុមហ៊ុនដឹកជញ្ជូន FedEx ក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana៕