(រ៉ង់ហ្គូន)៖ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី មីសែល បាសែលឡេ (Michelle Bachelet) កាលពីពេលថ្មីៗនេះ បានព្រមានថាមីយ៉ាន់ម៉ាអាចនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលទាំងស្រុងដូចដែលធ្លាប់បានកើតឡើងនៅក្នុងប្រទេសស៊ីរី។ ការព្រមានបែបនេះរបស់ លោកស្រី Bachelet ធ្វើឡើងនៅក្នុងបរិបទដែលរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាមួយត្រូវបានបង្កើតឡើង ក្នុងនោះរួមមានបញ្ចូលទាំងក្រុមសកម្មជនដឹកនាំ បាតុកម្មប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Bachelet ក៏បានជំរុញផងដែរឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការសកម្មភាពជាបន្ទាន់ និងដាច់ខាតដើម្បីបង្ខំឱ្យមេដឹកនាំយោធាដែលនៅពីក្រោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃ០១ ខែកុម្ភៈបញ្ឈប់ ការប្រើហិង្សា និងសម្លាប់ប្រជាជនខ្លួនឯង។ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ក្នុងប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថាមនុស្សច្រើនជាង៧១៤នាក់ហើយ ត្រូវបានកងកម្លាំងសន្តិសុខនៃរបបយោធាបាញ់សម្លាប់ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក និងច្រើនជាង៣,០៥០នាក់កំពុងជាប់ឃុំ។

*តើមីយ៉ាន់ម៉ានឹងក្លាយជាប្រទេសស៊ីរីថ្មីមួយនៅអាស៊ីគ្នេយ៍ឬ?

សង្រ្គាមស៊ីវិលក្នុងប្រទេសស៊ីរីកើតឡើងដំបូងចេញពីបាតុកម្មតវ៉ាដោយសន្តិវិធីប្រឆាំងការដឹកនាំរបស់លោកប្រធានាធិបតី បាស្សា អាល់សាដ។ បាតុកម្មនេះ បានរាលដាលទៅជាជម្លោះប្រដាប់អាវុធ រហូតដល់ផ្ទុះទៅជាសង្រ្គាមស៊ីវិលទូទាំងប្រទេស បន្ទាប់ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលលោក អាសាដបង្កើនការ បង្រ្កាបយ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករ។ បើពិនិត្យមើលមួយភ្លែតពីស្ថានភាពនៅមីយ៉ាន់ម៉ា វាគឺដូចគ្នាទៅនឹងស្ថានភាពក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១១ ជាពេលដែលបាតុកម្មតវ៉ាប្រែក្លាយទៅជាសង្រ្គាមស៊ីវិល។ ក៏ប៉ុន្តែ បើផ្អែកលើទីតាំងភូមិសាស្ត្រវិញ គេអាចនិយាយបានថាស្ថានភាពនៅមីយ៉ាន់ម៉ាគឺ «ដូចគ្នាផង និងមិនដូចគ្នាផង» ទៅនឹងស្ថានភាពរបស់ស៊ីរី ហើយដូចគ្នាបំផុតនោះគឺទាំងមីយ៉ាន់ម៉ា និងស៊ីរីមានមហាអំណាចមួយជាខ្នងបង្អែកធំដូចគ្នាពោលគឺមីយ៉ាន់ម៉ា មានចិននៅពីក្រោយ រីឯស៊ីរីមានរុស្ស៊ីជាខ្នងបង្អែក។

បើតាមលោកស្រី Bachelet ស្ថានភាពសព្វថ្ងៃនៅមីយ៉ាន់ម៉ាមានលក្ខណៈដូចគ្នាទៅនឹងស្ថានភាពនៅស៊ីរី គឺនៅត្រង់ថាទាំងកងកម្លាំងរដ្ឋាភិបាលលោក អាសាដ និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសុទ្ធតែបានប្រើកម្លាំងបាយជ្រុលហួសហេតុបង្ក្រាបក្រុមបាតុករ។ «វាពិតជាមានលក្ខណៈដូចគ្នាទៅនឹងប្រទេសស៊ីរីកាលពីឆ្នាំ២០១១...ដូចគ្នានៅត្រង់ថាយើងបានឃើញក្រុមបាតុករតវ៉ាដោយសន្តិវិធីសុទ្ធតែរងការបង្រ្កាបដោយគ្មានភាពចាំបាច់ និងជ្រុលហួសហេតុ»។ នេះជា ការគូសបញ្ជាក់របស់លោកស្រី Bachelet។ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះបន្ថែមទៀតថាការបង្ក្រាបយ៉ាងឃោរឃៅ ឬ ការគាបសង្កត់របស់រដ្ឋលើប្រជាជនខ្លួនឯងតែងតែបង្ខំឱ្យបុគ្គលមួយចំនួនកាន់អាវុធក្រោកឡើងប្រឆាំងតបតវិញដែលនេះនឹងនាំទៅរកជម្លោះពេញផ្ទៃប្រទេស។

តែទោះជាបែបនេះក្ដី អ្នកជំនាញភូមិសាស្ត្រមួយចំនួនយល់ថាស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាស្មុគស្មាញមិនដូចជានៅស៊ីរី ឬនៅលីប៊ីឡើយ។ ក្រុមប្រឆាំងនៅ ស៊ីរីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានបង្កើតកម្លាំងចម្រុះអន្តរមួយ ធ្វើអន្តរាគមន៍យោធានៅស៊ីរី ព្រមទាំងបណ្ដុះបណ្ដាល និងបំពាក់ អាវុធដល់ក្រុមប្រឆាំងស៊ីរីដើម្បីប្រយុទ្ធដណ្ដើមទឹកដីជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី។ ទីក្រុងវ៉ាស៊ីនតោនអាចធ្វើបែបនេះបានដោយសារតែស៊ីរីស្ថិតក្នុងតំបន់ មជ្ឈិមបូព៌ាដែលជាដែនឥទ្ធិពលរបស់អាមេរិក។ តែផ្ទុយពីស៊ីរី មីយ៉ាន់ម៉ាមិនមែនស្ថិតនៅក្រោមដែនឥទ្ធិពលអាមេរិកឡើយ ហើយការធ្វើអន្តរាគមន៍យោធា ណាមួយ នៅមីយ៉ាន់ម៉ាតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬពីខាងក្រៅក៏នឹងមិនអាចទៅរួចដែរពីព្រោះចិន និងរុស្ស៊ីត្រៀមខ្លួនជាស្រេច ប្រើសិទ្ធិវ៉េតូ។ មីយ៉ាន់ម៉ាមានព្រំដែនជាប់ចិន, ឥណ្ឌា និងជាសមាជិកអាស៊ានផង ដូច្នេះចង់ឬមិនចង់ បណ្ដាប្រទេសទាំងនេះនឹងមិនបណ្ដោយសង្រ្គាមផ្ទុះឡើង ក្នុងតំបន់របស់ពួកគេទេ ដ្បិតបើសង្រ្គាមផ្ទុះឡើង មិនមែនមានតែមីយ៉ាន់ម៉ាទេដែលរងគ្រោះ តែពួកគេក៏ត្រូវរងថ្មបាក់ដែរនោះគឺប្រឈមមុខនឹងលំហូរ ជនភៀសខ្លួននៃសង្រ្គាម។

ដោយឡែកបើនិយាយពីកម្លាំងបច្ចុប្បន្នវិញ យោធាមីយ៉ាន់ម៉ាគឺមានប្រៀបជាងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច។ ឬនិយាយឱ្យងាយស្ដាប់ បើចង់ ផ្ដួលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទាល់តែមានអន្តរាគមន៍យោធាពីខាងក្រៅ ឬមានសង្រ្គាមស៊ីវិលទាំងស្រុង។ តែក្នុងពេលបច្ចុប្បន្ន ឬក្នុងរយៈពេលខ្លី ទោះជា រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា រួមដៃគ្នាជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចក៏មិនប្រាកដថាជាដៃគូរបស់របបយោធាដែរ ដ្បិតរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ យោធាមីយ៉ាន់ម៉ាសឹងតែវាយបំបាក់កងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចនៅក្នុងប្រទេសឱ្យរាបដល់ដីទៅហើយ។

គួរបញ្ជាក់ថា អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នឹងធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងត្រូវ រៀបចំឡើងនៅប្រទេសឥណ្ឌូណេស៉ី នាថ្ងៃទី២៤ ខែមេសា។ អាស៊ានត្រូវបានគេមើលឃើញថាជាតួអង្គដ៏សំខាន់ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា៕

ប្រភព៖ Nikkei (ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១)