(ក្វាំងហាន)៖ ទីសំណល់បុរាណសានស៊ីនទួយ ស្ថិតនៅក្រុងក្វាំងហាន ខេត្តស៊ើឈួនប្រទេសចិន គិតមកទល់ឥឡូវនេះមានប្រវត្តិសាស្ត្រពី ៣០០០ ដល់ ៥០០០ ឆ្នាំមកហើយ ដែលជាបុរាណដ្ឋានវប្បធម៌បូរាណ ដែលមានក្របខ័ណ្ឌធំបំផុត ចំណាស់បំផុត និងប្រកបដោយអត្ថន័យវប្បធម៌ជ្រាលជ្រៅបំផុត នៅតំបន់នីរតីចិនត្រូវគេសន្មតថា ជារបកគំហើញបុរាណវិទ្យាដ៏មហិមាបំផុតមួយ របស់មនុស្សជាតិក្នុងសតវត្សរ៍ទី២០។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ សមិទ្ធផលនៃការកំណាយបុរាណវិទ្យាជុំថ្មីត្រូវបានប្រកាស។ ក្នុងចំណោមវត្ថុបុរាណដ៏សំខាន់ជាង ៥០០គ្រឿង បំណែកម៉ាសមាសដែលសល់តែពាក់កណ្តាល បានធ្វើឱ្យអ្នកផងយកចិត្តទុកដាក់ជាខ្លាំង អ្នកប្រើអ៊ីនធឺណែត បានសាកល្បងផ្គុំម៉ាសមាសទាំងមូល តាមរយៈកម្មវិធី Photoshop ជាដើម លើសពីនេះមានអ្នកបន្តវេនសិប្បកម្មក្រដាសកាត់ បានបង្ហាញពីមុខមាត់ទាំងមូលនៃម៉ាសមាស តាមរយៈរូបភាពក្រដាសកាត់ ហើយទទួលបានការកោតសរសើរខ្លាំង ពីសំណាក់អ្នកប្រើអ៊ីនធឺណែត។

ដោយឡែកនៅថ្ងៃទី១២ ខែមេសា អ្នកអាបឡូតអាយុ ២៥ឆ្នាំម្នាក់ ឈ្មោះឆាយឈានបានអាបឡូតវីដេអូឃ្លីបមួយ ទៅលើវេបសាយ Bilibili ដើម្បីចែករំលែកពីដំណើរធ្វើម៉ាសមាសដោយដៃរបស់ខ្លួន។ ពេលព័ត៌មានស្តីពីម៉ាសមាសពាក់កណ្តាល ត្រូវបានផ្សព្វផ្សាយ អ្នកប្រើអ៊ីធឺណែតនាំគ្នាផ្គុំម៉ាសមាសពាក់កណ្តាលទៀត លោក ឆាយឈាន មានចំណាប់អារម្មណ៍ខ្លាំងណាស់ ក៏ចង់សាកល្បងដោយផ្ទាល់ដែរ។

ម៉ាសមាសនៅដល់ពាក់កណ្តាលនេះ មានទទឹង ២៣ស.ម. មានកម្ពស់ ២៨ស.ម. មានទម្ងន់ប្រហែល ២៨០ ក្រាម។ អ្នកជំនាញបានប៉ាន់ស្មានថា ទម្ងន់នៃម៉ាសទាំងមូលមានប្រហែល ៥០០ក្រាម។ ដូច្នេះលោក ឆាយឈាន បានទៅធនាគារទិញបានមាស ៥០០ ក្រាម ព្រមនិងត្រៀមឧបករណ៍ដើម្បីផលិត។

តាមពិតទៅ លោក ឆាយឈាន ជាអ្នកនិយមសិប្បកម្មម្នាក់ ត្រឹមតែនៅលើវេបសាយ Bilibili ដែលជាវេបសាយវីដេអូឃ្លីបឈ្មោះល្បីរបស់ចិន លោកក៏មានអ្នកគាំទ្រចំនួន ២៤៧,៤ម៉ឺនដែរ។ អ៊ីចឹងហេតុអ្វីបានជាលោកចំណាយមាសសុទ្ធ សម្រាប់ធ្វើម៉ាសមាសមួយនេះ? ចម្លើយរបស់លោក ឆាយឈាន គឺលោកចង់ធ្វើឱ្យដូចជាងមាស ៣០០០ឆ្នាំមុន គឺធ្វើដោយដៃទាំងស្រុង។ បើតាមលោក ឆាយឈាន នេះក៏ជាវិធីម្យ៉ាងសម្រាប់សន្ទនា ជាមួយមនុស្សរុរាណផងដែរ។ ចំណែកមូលហេតុធ្វើដោយមាសវិញ ព្រោះភាពលាតសន្ធឹងដ៏ខ្ពស់ខាងរូបសាស្ត្រ និងភាពនឹងនរដ៏ខ្លាំងខាងគីមីសាស្ត្រ បើទោះជាដំឱ្យស្តើងក្តី ក៏វានឹងមិនធ្លុះដែរ។

ក្នុងដំណើរផលិតញញួរទម្ងន់១,៨គីឡូក្រាមដំយ៉ាងញាប់ និងខ្លាំង ត្រូវដំលើសពី ១ ម៉ឺនលើកឯណោះ។ ការផលិតម៉ាសមាសសឹងតែសម្រេចដោយលោក ឆាយឈាន តែម្នាក់ឯង មានមនុស្សម្នាក់ទៀតបានជួយខ្លះ។ ទន្ទឹមនឹងនេះ មានម្នាក់ជាអ្នកថតពីដំណើរផលិតទាំងស្រុង ដើម្បីចែករំលែកជាមួយអ្នកប្រើអ៊ីនអឺណែត ឱ្យចាប់អារម្មណ៍នឹងកម្លាំងទាក់ទាញនៃសិប្បកម្មនេះ។

ក្រោយពីការដំលើសមួយម៉ឺនដង ដុំមាសក្លាយទៅជាបន្ទះមាស ដែលមានកម្រាស់ពី ០,៣ ដល់ ០,៤ មីក្រូម៉ែត្រ គឺជាកម្រាស់ប្រហាក់ប្រហែលនឹងម៉ាសមាស នៅសល់ពាក់កណ្តាលនោះ។ ដោយសារចង់ធ្វើឱ្យដូចម៉ាសកាលពី ៣០០០ឆ្នាំមុន បានជាលោក ឆាយឈាន សំអាងតាមឯកសារមកបំពេញបន្ថែម នូវចំណែកខ្វះខាតដូចជាចិញ្ចើម និងក្បាច់រចនាលើម៉ាសជាដើម។ ការដំបន្ទះមាសត្រូវការកម្លាំងកាយ ចំណែកការធ្វើឱ្យចេញជារូបរាងម៉ាស ត្រូវការបច្ចេកទេសពិតប្រាកដ។ យោងតាមបទពិសោធន៍ខាងសិប្បកម្មជាច្រើនឆ្នាំ លោក ឆាយឈាន ការធ្វើម៉ាសកាលពី ៣០០០ ឆ្នាំមុន គឺមានរូបចម្លាក់មនុស្សសំរឹទ្ធសិន បន្ទាប់មកបិទបន្ទះមាសដែលដំឱ្យស្តើងលើរូបចម្លាក់ រួចបន្តដំបន្ថែមទៀត ធ្វើបែបនេះ ទើបម៉ាសអាចសមនឹងទម្រង់មុខមនុស្ស។

ដោយសារគ្មានរូបចម្លាក់មនុស្សសំរឹទ្ធបានជាលោក ឆាយឈាន បានគូរម៉ាសមាសមួយនៅលើបន្ទះមាស។ ក្រោមមកទៀត ដំនិងបង្កើតជារូបរាង ហើយបានសម្រេចក្នុងរយៈពេល ១៥ ថ្ងៃ។ ក្រោយពីការកាត់តអស់រយៈពេល៤ថ្ងៃ លោកឆាយឈានបានបង្ហោះវីដេអូ ឃ្លីបទៅលើវេបសាយ Bilibili។ គិតមកទល់ថ្ងៃទី ខែមេសា វីដេអូនេះត្រូវបានចាក់ផ្សាយ ៦៤៩ ម៉ឺនលើក ត្រូវចុក Like ១៥៨ម៉ឺនដង។

លោក ឆាយឈាន ពូកែឆ្លាក់កាំបិតនិងដាវ ក្នុងភាពយន្តគំនូរជីវចលគ្រប់ប្រភេទដោយឈើ ត្រូវគេដាក់នាមថាម្ចាស់ពិភពដំដែក។ មិនថាដាវនិងកាំបិតចម្លែកយ៉ាងណា ក៏គាត់សុទ្ធតែអាចធ្វើដូចបេះប៉ិន។ អ៊ីចឹងតើសិប្បកម្មបែបនេះ គាត់រៀនមកពីណា? ការពិតទៅមុខជំនាញរបស់គាត់ក្នុងសកលវិទ្យាល័យ គឺព័ត៌មានអេឡិចត្រូនិក សិប្បកម្មជាចំណូលចិត្តរបស់លោក ហើយគាត់បានរៀនចំណេះដឹងពាក់ព័ន្ធ នៅតាមអនឡាញ។

លោក ឆាយឈាន និយាយថា ការធ្វើដោយដៃនូវវត្ថុណាមួយ គឺនាំមកនូវចំណាប់អារម្មណ៍ដ៏ចម្លែកខ្លាំងណាស់។ ក្នុងដំណើរធ្វើម៉ាសមាស លោកប្រៀបដូចជាអាចចាប់អារម្មណ៍យ៉ាងប្រាកដប្រជា នូវគំនិតរបស់សិប្បករកាលពី ៣០០០ឆ្នាំមុន។ ឧទាហរណ៍ ពេលដំរាល់លើកសុទ្ធតែមិនដំខុសទេ ពិសេសពេលបន្ទះមាសស្តើងហើយ បើដំខ្លាំងពេក នឹងធ្វើឱ្យវាធ្លុះ។ គាត់នឹកគិតថា សិប្បករកាលពី ៣០០០ឆ្នាំមុន ប្រហែលមានភាពប្រុងប្រ័យត្នដូចគ្នាដែរ។ ក្រោយពីដំបន្ទះមាសសាចុះសាឡើង មាសនៅតែភ្លឺចិញ្ចាច ធ្វើឱ្យលោក ឆាយឈាន ជាប់ចិត្តនឹងសម្រស់បែបនេះ គាត់ក៏នឹកគិតថា សិប្បករកាលពី ៣០០០ ឆ្នាំមុនរូបនោះ មុខជាក៏មានការជាប់ចិត្តនឹងសម្រស់បែបនេះផងដែរ។

ក្នុងវីដេអូឃ្លីប លោក ឆាយឈាន បាននិយាយថា បើវីដេអូនេះត្រូវបានចុច Like ១ លានដង នោះលោកនឹងធ្វើឈើច្រត់មាស ដែលជាកំណាយចេញពីទីសំណល់បុរាណសាន់ស៊ីងទួយទៀត។ គិតមកទល់ពេលនេះ ចំនួនចុច Like បានលើសពី ១៥០ម៉ឺនទៅហើយ។ អ្នកប្រើអ៊ីនធឺណែតវាយតម្លៃថា សិប្បករបុរាណរូបនោះ ប្រហែលមិនដែលនឹកស្មានថា ៣០០០ឆ្នាំក្រោយ មានយុវជនម្នាក់បានធ្វើម៉ាសមាសមួយដូចខ្លួននោះទេ នេះជាការបន្តវេនស្មារតីសិប្បករងផង ហើយក៏ជាការឆ្លើយឆ្លងវប្បធម៌ ដែលឆ្លងកាត់ពេលវេលារាប់ពាន់ឆ្នាំផងដែរ៕