(តៃប៉ិ)៖ កោះតៃវ៉ាន់កំពុងស្វែងរកទិញមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៉ីលបាញ់ចេញពីលើអាកាស ពីសហរដ្ឋអាមេរិក ខណៈដែនកោះមួយនេះកំពុងបង្កើនកម្លាំងរបស់ខ្លួន នៅចំពោះមុខសម្ពាធកាន់កើនឡើងរវាងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

ខណៈកោះតៃវ៉ាន់កំពុងអភិវឌ្ឍ មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពក្នុងករណីមានសង្រ្គាម ដែនកោះមួយក៏កំពុងសម្លឹងមើល ទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីជួយផ្តល់ឱ្យនូវអាវុធទំនើបៗបន្ថែមទៀត។

លោក លី ស៊ីជាង (Lee Shih-chiang) មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់បាននិយាយថា គោលដៅរបស់កោះនេះចង់បាន គឺមីស៉ីលបាញ់លើអាកាសប្រភេទ AGM-158 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតបរិក្ខាយោធារបស់សហរដ្ឋអាមេរិក ឡក់ឃីដម៉ាទីន (Lockheed Martin) ហើយលោកបាននិយាយបន្ថែមថា «យើងកំពុងស្ថិតក្នុងដំណើរការ ស្វែងរកទិញពីសហរដ្ឋអាមេរិក ហើយបណ្តាញទំនាក់ទំនងរបស់យើង គឺដំណើរការទៅដោយរលូន និងធម្មតា»។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកមិនទាន់បាននិយាយថា ខ្លួនអាចលក់មីស៊ីលនេះ ឬមួយក៏អត់នៅឡើយទេ។

គួរបញ្ជាក់ថា AGM-158 JASSM ដែលជាប្រភេទមីស៉ីលបាញ់ពីលើអាកាស អាចបាញ់បានរយៈចម្ងាយប្រមាណ ១,០០០គីឡូម៉ែត្រអាស្រ័យលើម៉ូដែលរបស់វា ហើយវាអាចបំពាក់លើយន្តហោះ F-16 ដែលកោះតៃវ៉ាន់មានផងដែរ។ ក្រុមហ៊ុន Lockheed Martin បាននិយាយថា គ្រាប់មីស៊ីលនេះត្រូវបានរចនាឡើង ដើម្បីកម្ទេចគោលដៅដែលមានរបាំងការពារបានល្អ គោលដៅដែលបានកំណត់ និងគោលដៅដែលអាចផ្លាស់ប្តូរទីតាំងបាន ហើយត្រូវបាញ់ចេញពីចម្ងាយឆ្ងាយល្មម ដើម្បីរក្សាទុកយន្តហោះឱ្យឆ្ងាយ ពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ៕