(ម៊ូស្គូ)៖ អាជ្ញាធរពន្ធនាគារ នៃប្រទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែមេសានេះថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីផ្ទេរមេដឹកនាំបក្សប្រឆាំងរុស្ស៊ីដែលកំពុងជាប់ពន្ធនាគារ គឺលោក Alexei Navalny ដែលស្ថិតក្នុងសប្តាហ៍ទី៣ នៃការធ្វើកូដកម្មអត់អាហារ ទៅកាន់មន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក Navalny បាននិយាយថា សុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នករិះគន់វិមានក្រឹមឡាំងអាយុ ៤៤ឆ្នាំរូបនេះអាចនឹងជិតស្លាប់ហើយ។

អាជ្ញាធរពន្ធនាគាររុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Navalny នឹងត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យសម្រាប់ដាក់អ្នកទោសមួយកន្លែង ដែលមានទីតាំងស្ថិតនៅទីក្រុង Vladimir មានចម្ងាយ ១៨០គីឡូម៉ែតភាគខាងកើតទីក្រុងមូ៉ស្គូ។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែរ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា EU នឹងធ្វើឲ្យរុស្ស៊ី «ទទួលខុសត្រូ» ចំពោះស្ថានភាពសុខភាពរបស់លោក Navalny ខណៈដែលរដ្ឋមន្ត្រីការបរទេស នៃប្លុកមួយនេះបានធ្វើការពិភាក្សាគ្នាតាមរយៈប្រព័ន្ធអនឡាញ ស្តីពីភាពតានតឹងកាន់តែខ្លាំងឡើងជាមួយទីក្រុងមូស្គូ។

លោក Borrell បាននិយាយថា ស្ថានភាពរបស់លោក Navalny គឺ «គួរឱ្យព្រួយបារម្ភណាស់» ដោយបានអំពាវនាវឱ្យមានអ្នកជំនាញវេជ្ជសាស្ត្រដែលគួរឲ្យទុកចិត្ត ទៅព្យាបាលជំងឺមេបក្សប្រឆាំងរុស្ស៊ីរូបនេះឲ្យបានឆាប់រហ័ស៕