(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក និងជប៉ុនគ្មានសិទ្ធិ ឬមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការតំណាងឲ្យសហគមន៍អន្តរជាតិ ដើម្បីកំណត់សណ្តាប់ធ្នាប់អន្តរជាតិ ឬកំណត់ស្តង់ដាររបស់ពួកគេលើអ្នកដទៃឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើបញ្ហាដែលទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយ ដោយសហរដ្ឋអាមេរិក និងជប៉ុននាពេលថ្មីៗនេះ។

លោក Wang បាននិយាយថា ប្រព័ន្ធតែមួយគត់នៅលើពិភពលោក គឺប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ហើយបទបញ្ញត្តិដែលបានកំណត់ គឺជាច្បាប់មូលដ្ឋានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោកបានបន្ថែមទៀតថា នៅពេលនិយាយអំពី «សេរីនិងបើកចំហ» សហរដ្ឋអាមេរិក និងជប៉ុនកំពុងបង្រួបបង្រួមគ្នាបង្កើតបក្សពួក និងការប្រឈមមុខដាក់គ្នា ដែលនេះគឺជាការគំរាមកំហែងពិតប្រាកដដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ ក៏ដូចជាការបំផ្លាញវិន័យ និងសណ្តាប់ធ្នាប់អន្តរជាតិ។

ដោយលើកឡើងពីបញ្ហាសិទ្ធិមនុស្ស លោក Wang បាននិយាយថា ជប៉ុន និងសហរដ្ឋអាមេរិកជំពាក់បំណុលប្រជាជនចិន និងពិភពលោក ដោយសង្កត់ធ្ងន់ពីគ្រោះមហន្តរាយដែលជះឥទ្ធិពលដល់ប្រជាជនចិន និងអាស៊ីដោយសារសង្គ្រាមឈ្លានពានរបស់ជប៉ុននៅទសវត្សឆ្នាំ១៩៣០ និងសង្គ្រាមឥតឈប់ឈររបស់សហរដ្ឋអាមេរិកលើទឹកដីបរទេស ដែលបានសម្លាប់មនុស្សជាង ៨០០,០០០នាក់ ចាប់តាំងពីឆ្នាំ២០០១ ក្នុងនោះមានជនស៊ីវិល ៣០០,០០០ នាក់។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមថា ការធ្វើនយោបាយលើជំងឺ COVID-19 ពីសំណាក់សហរដ្ឋអាមេរិក មិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងសកលនេះទៀតផង៕