(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥១,៦៥០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៨៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៤៧៥,០៤៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨១,៥៤២នាក់ និងជាសះស្បើយឡើងសរុប ២៥,០៤៣,៤៦៣នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣១លាននាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកសម្រេចបានការចាក់វ៉ាក់សាំងជាង ២០៩លានដូស ជូនប្រជាជនរបស់ខ្លួន ដោយក្នុងនោះ ១៣១.២៥លាននាក់ បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស (ស្មើនឹង ៤០% នៃចំនួនប្រជាជនសរុប) និង ៨៣.៣លាននាក់ទៀត បានទទួលការចាក់គ្រប់ដូស (ស្មើនឹង ២៥.៧% នៃចំនួនប្រជាជនសរុប)៕