(ម៉ូស្គូ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៉ី លោក ចន សាល់លីវែន (John Sullivan) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រូបលោកនឹងធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ នៅក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការពិគ្រោះយោបល់ ចំពោះមុខវិបត្តិការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

កាលពីប៉ុន្មានថ្ងៃមុន ទីក្រុងម៉ូស្គូបានណែនាំឲ្យទីក្រុងវ៉ាស៉ីនតោន កោះហៅលោក Sullivan ត្រឡប់ទៅវិញទៅ។ រុស្ស៉ីបានហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំវ៉ាស៉ីនតោន ត្រឡប់មកវិញកាលពីខែមុន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅប្រធានាធិបតីរុស្ស៉ីថាជា «ឃាតក» ហើយកាលពីសប្តាហ៍កន្លងទៅនេះ ប្រទេសទាំងពីរបានដាក់ទណ្ឌកម្មថ្មីៗទៀត ជាការសងសឹកគ្នាទៅវិញទៅមក។

ឥឡូវនេះឯកអគ្គរដ្ឋទូតអាមេរិកខាងលើបាននិយាយថា វាចាំបាច់ឲ្យលោកត្រូវទៅជជែកពិភាក្សា ដោយផ្ទាល់នៅសហរដ្ឋអាមេរិក អំពីស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងរុស្ស៉ី ហើយលោកនឹងត្រឡប់មកទីក្រុងម៉ូស្គូវិញ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ទីក្រុងវ៉ាស៉ីនតោនបានដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី ក្រោមការចោទប្រកាន់មួយចំនួន ដូចជាការជ្រៀតជ្រែកដំណើរការបោះឆ្នោតអាមេរិក កាលពីឆ្នាំទៅមិញ ការវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យា និងបញ្ហានៅអ៊ុយក្រែន ហើយអាមេរិក៏បានព្រមានពីផលវិបាកផងដែរ ប្រសិនបើមេបក្សប្រឆាំងរុស្ស៉ី លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដែលកំពុងជាប់ឃុំបាត់បង់ជីវិត ខណៈរុស្ស៉ីក៏បានសងសឹកវិញ ចំពោះទណ្ឌកម្មអាមេរិក៕