(ញូវដេលី)៖ ឥណ្ឌាដែលជាប្រទេសមួយកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតសកល COVID-19 នៅថ្ងៃអង្គារ ទី២០ ខែមេសានេះបានប្រកាសរកឃើញចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈដែលប្រទេសនេះកំពុងតែប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជាលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន ១,៧៦១នាក់ទៀត បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេល ១ថ្ងៃកន្លងទៅ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៨០,៥៣០នាក់។ វានៅតែទាបជាងចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក ដែលមានរហូតដល់ ៥៦៧,៥៣៨នាក់។ ទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដរបស់ឥណ្ឌា មានច្រើនជាងចំនួនផ្លូវការអាចមានច្រើនជាងនេះឆ្ងាយណាស់។

អ្នកជំនាញផ្នែកសុខភាព និងមន្រ្តីសុខាភិបាលបាននិយាយថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបានបន្្ធូរបន្ថយវិធានការការពាររបស់ខ្លួន នៅពេលដែលករណីរឆ្លងបានធ្លាក់ចុះដល់កម្រិតទាប កាលពីខែកុម្ភៈកន្លងទៅ។

យោងតាមអាជ្ញាធរបូជាសពបានឱ្យដឹងថា ទីក្រុងធំៗនៃប្រទេសនេះកំពុងរាយការណ៍អំពីចំនួនសពដែលត្រូវបូជាច្រើនជាងចំនួនផ្លូវការទៅទៀត។

វិបត្តិនៅក្នុងមន្ទីរពេទ្យបានធ្វើឱ្យប្រជាជនប្រយុទ្ធគ្នាដើម្បីដណ្តើមគ្រែអុកស៊ីសែន និងថ្នាំ ខណៈដែលគ្រូពេទ្យបាននិយាយថា កង្វះខាតបែបនេះនឹងធ្វើឱ្យមានមនុស្សស្លាប់កាន់តែច្រើន ដោយជៀសមិនផុតឡើយ។

សាស្រ្តាចារ្យម្នាក់នៅសាកលវិទ្យាល័យ Ashoka មានប្រសាសន៍ថា «សម្ពាធដ៏ធំធេងលើមន្ទីរពេទ្យ និងប្រព័ន្ធសុខាភិបាលនាពេលបច្ចុប្បន្ននេះ នឹងធ្វើឲ្យអ្នកជំងឺល្មមៗដែលអាចជាសះស្បើយបាន អាចស្លាប់បាត់បង់ជីវិត ព្រោះគ្មានសេវាកម្មព្យាបាលត្រឹមត្រូវ»

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 រហូត ២៥៩,១៧០ករណី ដែលជាថ្ងៃទី៦ ដែលមានចំនួនអ្នកឆ្លងថ្មីច្រើនជាង ២០០,០០០នាក់ក្នុងមួយថ្ងៃ។ ករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ១៥.៣២លានករណី ឈរលំដាប់ទី២លើលោក ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត ដោយតាមពីក្រោយសហរដ្ឋអាមេរិក៕