(ប៉េកាំង)៖ កាលពីថ្ងៃទី២០ ខែមេសា ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២១ នៃវេទិកាបូអៅសម្រាប់អាស៊ី បានធ្វើឡើងនៅតំបន់បូអៅ ខេត្តហៃណានប្រទេសចិន លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ដែលបានផ្តួចផ្តើមឱ្យអាស៊ីនិងពិភពលោក ឆ្លើយតបនឹងសេចក្តីត្រូវការរបស់យុគសម័យ ពួតដៃគ្នាប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ បង្កើនអភិបាលកិច្ចសកល និងរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាដើរឆ្ពោះទៅរកទិសដៅនៃការបង្កើត សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ឥតឈប់ឈរផងដែរ។

ឆ្នាំ២០២១ ជាខួបទី២០នៃការបង្កើតវេទិកាបូអៅសម្រាប់អាស៊ី។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ អនុបាតសេដ្ឋកិច្ចអាស៊ីក្នុងសេដ្ឋកិច្ចសកល បានកើនឡើងពីមិនដល់៣០ភាគរយ កាលពីដើមទសវត្សរ៍ឆ្នាំ៩០នៃសតវត្សរ៍មុន ដល់៤១ភាគរយនាឆ្នាំ២០១៩ ស្របពេលជាមួយគ្នានេះ កម្លាំងឥទ្ធិពលនិងសិទ្ធិបញ្ចេញមតិរបស់អាស៊ីលើផ្ទៃអន្តរជាតិ ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ។ ហើយវេទិកាបូអៅសម្រាប់អាស៊ីដែលបានបង្កើតឡើងអស់រយៈ២០ឆ្នាំនេះ ក៏ជាសាក្សីនៃដំណើរប្រែប្រួលទាំងមូល ពោលគឺកាលពីមុនអាស៊ីចង់បញ្ចេញមតិរបស់ខ្លួន ដល់បច្ចុប្បន្ននេះ ប្រែទៅជាពិភពលោកចង់ស្តាប់មតិរបស់អាស៊ី។

នាពេលបច្ចុប្បន្ន អាស៊ីជាតំបន់មួយដែលមានកម្លាំងរស់រវើក និងសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុតនៅលើពិភពលោក ក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល អាស៊ីក៏បានក្លាយជាអ្នកច្នៃប្រឌិតផ្នែកបចេ្ចកវិទ្យា ទីផ្សារដ៏ធំធេងនិងអ្នកប្រើប្រាស់ ដែលមានកម្លាំងរស់រវើកឥតព្រំដែន ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងអាចឃើញយ៉ាងច្បាស់នូវលក្ខណៈពិសេសបែបនេះ ពីបញ្ហាពិភាក្សាសំខាន់ៗក្នុងវេទិកាប្រចាំឆ្នាំនេះ ឧទាហរណ៍ដូចជា «កិច្ចសហប្រតិបតិ្តការខ្សែក្រវាត់និងផ្លូវ» «ការផ្លាស់ប្តូរឧស្សាហកម្ម» និង «រាំជាមួយបច្ចេកវិទ្យាថ្មី» ជាដើម បញ្ហាពិភាក្សានិមួយៗ សុទ្ធតែមានកាលានុវត្តភាពឥតព្រំដែន។

សូមបញ្ជាក់ថា វេទិកាប្រចាំឆ្នាំនេះបានធ្វើឡើង ក្រោមប្រធានបទ «បម្រែបម្រួលដ៏ខ្លាំងរបស់ពិភពលោក រួមគ្នាពិគ្រោះពិភាក្សាពី អភិបាលកិច្ចសកល និងរួមគ្នាធ្វើកិច្ចសហប្រតិបតិ្តការអំពីខ្សែក្រវាត់និងផ្លូវ» ហើយក៏បានបន្ថែមជាពិសេសនូវខ្លឹមសារស្តីពី «កិច្ចសហប្រតិបតិ្តការខ្សែក្រវាត់និងផ្លូវ»

ដោយឡែក សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញចូលរួមពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំ២០២១ នៃវេទិកាបូអៅសម្រាប់អាស៊ីតាមប្រព័ន្ធវីដេអូ ហើយបានថ្លែងថា សង្ឃឹមប្រទេសចិនបន្តជំរុញកិច្ចកសាង «ខែ្សក្រវាត់និងផ្លូវ» ក្នុងន័យជំរុញការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល ជាពិសេស គឺដើរតួនាទីណែនាំដ៏សំខាន់ ក្នុងការបង្កើនការតភ្ជាប់គ្នាលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគនិងវប្បធម៌មនុស្សជាតិជាដើម ដើម្បីផ្តល់កម្លាំងចលករខ្លាំង សម្រាប់បុព្វហេតុសន្តិភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។

របាយការណ៍ស្តីពី «អនាគតសេដ្ឋកិច្ចអាស៊ីនិងដំណើរសមាហរណកម្ម» ដែលកិច្ចប្រជុំប្រចាំឆ្នាំនេះបានប្រកាស បានចង្អុលបង្ហាញថា បើប្រៀបធៀបនឹងការថមថយចុះយ៉ាងខ្លាំង នៃការវិនិយោគនិងពាណិជ្ជកម្មនៅលើពិភពលោកទាំងមូល ការវិនិយោគនិងពាណិជ្ជកម្ម របស់ប្រទេសពាក់ព័ន្ធនឹង «កិច្ចកសាងខ្សែក្រវាត់និងផ្លូវ» បានបង្ហាញពីភាពធន់យ៉ាងខ្លាំង ដោយសារលទ្ធផលនៃកិច្ចកសាង លើវិស័យការតភ្ជាប់គ្នា បានដើរតួនាទីដ៏សំខាន់។ នៅពេលអនាគត សុខាភិបាល ការការពារបរិស្ថាន និងថាមពលបៃតង នឹងក្លាយជាវិស័យថ្មីនៃកិច្ចសហប្រតិបតិ្តការ រវាងប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ»

តាមពិតទៅ ការដែលរៀបចំវេទិកាបូអៅសម្រាប់អាស៊ីឆ្នាំនេះនៅកន្លែងផ្ទាល់ ក៏បានបញ្ចេញទៅកាន់ពិភពលោកទាំងមូល នូវជំនឿចិត្តរបស់អាស៊ីដែលនឹងយកឈ្នះ លើជំងឺឆ្លងនិងងើបសេដ្ឋកិច្ចឡើងវិញ។ គឺដូចជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានលើកឡើងថា៖ ឱ្យតែបណ្តាប្រទេសនានាលើសកលលោករួមសាមគ្គីគ្នា និងប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវ នោះនាវាយយក្សនៃការអភិវឌ្ឍសង្គមមនុស្សជាតិ ពិតជានឹងធ្វើនាវាចរណ៍កាន់តែឆ្ងាយនិងកាន់តែរឹងមាំ ហើយនឹងធ្វើដំណើរទៅកាន់អនាគត កាន់តែល្អបវរជាមិនខាន៕