(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃពុធនេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ២៨នាក់ទៀតត្រូវបានរកឃើញ ដែលនាំឲ្យចំនួនករណីឆ្លងសរុប ក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៨៨ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោក ផុនផានឌីត សាងសាយ៉ារ៉ាត (Phonepadith Xangsayarath) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង ២៨នាក់ខាងលើនេះ ២៦នាក់ត្រូវបានរកឃើញនៅទីក្រុងវៀងច័ន្ទ ហើយពួកគេទាំង ២៦នាក់នេះ គឺសុទ្ធតែជាអ្នកដែលធ្លាប់ពាក់ព័ន្ធ ជាមួយអ្នកឆ្លងជំងឺ COVID-19 ទី ៥៩ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញ។

សម្រាប់ករណីវិជ្ជមានពីរនាក់ទៀត គឺសុទ្ធសឹងតែជនជាតិឡាវ ដែលបានត្រឡប់ពីប្រទេសថៃវិញ មកកាន់ខេត្តចម្ប៉ាសាក់របស់ឡាវ។ ការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃរហូតដល់ ២៨នាក់ខាងលើនេះ គឺជាករណីធ្ងន់ធ្ងរបំផុតហើយសម្រាប់ឡាវ គិតចាប់តាំងពីប្រទេសនេះ បានរកឃើញករណីឆ្លងដំបូង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕