(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានថ្លែងទៅកាន់សភាសហព័ន្ធរុស្ស៊ី នៅក្នុងសុន្ទរកថាប្រចាំឆ្នាំនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីនៅតែពង្រឹងកម្លាំងយោធារបស់ខ្លួនជានិច្ច តាមរយៈការធ្វើទំនើបកម្មសព្វាវុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

លោក ពូទីន បានប្រាប់សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលថា ការចំណាយលើអាវុធ និងឧបករណ៍សព្វាវុធទំនើបៗត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧៦ភាគរយនៅឆ្នាំ២០២៤ ខណៈការចំណាយសម្រាប់អាវុធនុយក្លេអ៊ែរនឹងកើនលើស ៨៨ភាគរយនៅឆ្នាំនេះ។

លោក ពូទីន បានចង្អុលបង្ហាញថា កងវរសេនាធំទី១ ដែលបំពាក់ដោយមីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat នឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២២ ហើយមីស៊ីលផ្លោងធុន Tsirkon ដែលមានល្បឿនលឿនជាងសំឡេងនឹងត្រៀមរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានកត់សម្គាល់ថា មីស៊ីលផ្លោងអន្តរទ្វីប Avangard ដែលមានល្បឿនលឿនជាងសំឡេង និងប្រព័ន្ធឡាស៊ែរត្រូវបានដាក់ឱ្យប្រើប្រាស់រួចហើយ។

ទន្ទឹមគ្នានេះ លោក ពូទីន ក៏បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការធានាឲ្យបាននូវស្ថិរភាពយុទ្ធសាស្ត្រ ព្រមទាំងបានអញ្ជើញប្រទេសធំៗ ឱ្យពិភាក្សាគ្នាលើបញ្ហាទាក់ទងនឹងអាវុធយុទ្ធសាស្រ្តផងដែរ៕