(ញូដេលី)៖ ឥណ្ឌាកំពុងប្រយុទ្ធនឹងរលកទី២ដ៏ប្រល័យនៃ COVID-19 ដោយនៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសអាស៊ីខាងត្បូងមួយនេះបានរាយការណ៍ពីអ្នកជំងឺ COVID-19 រហូតដល់ ២,១០២នាក់ទៀតបាត់បង់ជីវិត និងអ្នកឆ្លងចំនួន ៣១៥,៨០២នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

តួលេខឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខាងលើនេះគឺជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតសម្រាប់ឥណ្ឌា ហើយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីបានចាត់ទុកស្ថានភាពបច្ចុប្បន្នប្រៀបដូចជា «ព្យុះសង្ឃរា» ស្ថិតនៅចំពោះមុខការ lockdown រដ្ឋធានីញូដេលីរហូតដល់ ថ្ងៃចន្ទសប្តាហ៍ក្រោយ។ បញ្ហាចម្បងធំមួយសម្រាប់ប្រទេសដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់មួយនេះ គឺការខ្វះខាតមន្ទីរពេទ្យ គ្រឿងបរិក្ខាពេទ្យ និងអុកស៊ីសែនផ្គត់ផ្គង់នៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តារដ្ឋភាគខាងត្បូង និងភាគកណ្តាលប្រទេស ដែលកំពុងរងការរាតត្បាតជំងឺ COVID-19 ខ្លាំងក្លាជាងគេ។

ខណៈឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិឆ្លង COVID-19 កាន់តែមានសភាពធ្ងន់ធ្ងរ វីរុសបំប្លែងខ្លួនថ្មីដែលគេស្គាល់ថា «B.1.617» ត្រូវបានក្រុមអ្នកជំនាញ យល់ថាអាចជាមូលហេតុដ៏ចម្បងមួយនៅពីក្រោយការឆ្លងយ៉ាងគំហុក។ ដូច្នេះតើអ្នកបានដឹងអ្វីខ្លះពីវីរុសបំប្លែងខ្លួនថ្មីនេះ៖

*វាជាវីរុសបំប្លែងខ្លួនទ្វេដង

អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានបញ្ជាក់ថាវីរុសបំប្លែងខ្លួនថ្មី «B.1.617» ត្រូវបានរកឃើញកាលពីចុងឆ្នាំ២០២០។ «B.1.617» ជាវីរុសបំប្លែងខ្លួនទ្វេដង ហើយត្រូវបានគេរាយការណ៍ដំបូងកាលពីថ្ងៃទី២៤ ខែមីនា នៅពេលវាត្រូវបានគេរកឃើញពីសំណាកមនុស្សច្រើនជាង២០០នាក់ នៅក្នុងរដ្ឋ Maharashtra។ ក្រុមអ្នកជំនាញផ្នែកសិក្សាពីការឆ្លងរាលដាលនៃវីរុសបានឱ្យដឹងថា «វីរុសបំប្លែងខ្លួនទ្វេដង» ចង់សំដៅទៅលើវីរុសបំប្លែងថ្មីមួយ ដែលមានលំនាំនៃវីរុសបំប្លែងខ្លួនថ្មីចំនួន២ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ។ ដូចជាក្នុងករណី «B.1.617» មានលំនំាវីរុសបំប្លែងខ្លួនថ្មីចំនួន២ដូចជា E484Q និង L452R។

បើតាមសារព័ត៌មាន BBC L452R ត្រូវបានកំណត់អត្តសញ្ញាណថាជាប្រភេទវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រីឯ E484Q ជាវីរុសបំប្លែង ដែលស្រដៀងគ្នាទៅនឹងវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។

*មានទិន្នន័យតិចតួចពីវីរុសបំប្លែងខ្លួនទ្វេដង

នៅពេលវីរុសបំប្លែងខ្លួនទ្វេដងត្រូវបានរកឃើញដំបូង ក្រុមមន្ត្រីសុខាភិបាលឥណ្ឌាបាននិយាយថាវីរុសនេះមិនត្រូវបានរកឃើញក្នុងចំនួនដ៏ច្រើនគ្រប់គ្រាន់ ដែលនាំឱ្យគេអាចសន្និដ្ឋានថាវាមានជាប់ពាក់ព័ន្ធនឹងការកើនឡើងករណីឆ្លងនៅក្នុងរដ្ឋ Maharashtra និងរដ្ឋដទៃទៀតនោះទេ។ ម្យ៉ាងវិញទៀត ខណៈ ការសិក្សា និងការស៊ើបអង្កេតកំពុងធ្វើឡើង ក្រុមអ្នកជំនាញសុខាភិបាលឥណ្ឌា រួមទាំងអង្គការសុខភាពពិភពលោកមិនទាន់មានភស្ដុតាងអាចបញ្ជាក់បានថា វីរុសបំប្លែងខ្លួនទ្វេដងនេះមានលក្ខណៈកាចសាហាវ ឬអាចចម្លងទៅមនុស្សលឿនរហ័សកម្រិតណាដែរ ប៉ុន្តែវាបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

*វ៉ាក់សាំង COVID-19 មានប្រសិទ្ធភាពមួយផ្នែក

អ៉ីស្រាអែលដែលបានរកឃើញវីរុសបំប្លែងខ្លួនទ្វេដង «B.1.617» ចំនួន៨ករណីនៅក្នុងប្រទេសរបស់ខ្លួន ជឿជាក់ថាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech មានប្រសិទ្ធភាពមួយផ្នែកប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនេះ។ «ជាការកត់សម្គាល់នោះគឺថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនេះ ទោះបីជាមិនទាំងស្រុងក៏ដោយ»។ នេះជាការលើកឡើងរបស់អគ្គនាយកនៃក្រសួងសុខាភិបាលអ៉ីស្រាអែល លោក Hezi Levy នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅ។

*ប្រទេសដែលកំពុងចាត់វិធានការទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មី

ដោយមានការព្រួយបារម្ភពីវីរុសបំប្លែងខ្លួនទ្វេដង «B.1.617» អាជ្ញាធរនៃប្រទេស និងតំបន់មួយចំនួនបានចាប់ផ្ដើមចាត់វិធានការរឹតត្បិតមួយចំនួន ក្នុងនោះរួមមានទាំងការផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរមកពីប្រទេសឥណ្ឌា។ នៅឯសិង្ហបុរី ក្រសួងសុខាភិបាលនៃប្រទេសមួយនេះ កាលពីថ្ងៃអង្គារកន្លងទៅបាននិយាយថាវិធានការរឹតត្បិតប្រឆាំង COVID-19 នឹងត្រូវបានរឹតបន្ដឹងលើអ្នកដំណើរមកពីប្រទេសឥណ្ឌា។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានចេញសេចក្ដីណែនាំថាគួរតែចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ខណៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុនបានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូដេលី ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ ហើយរដ្ឋាភិបាលរបស់លោកថែមទាំងបានបញ្ចូលឥណ្ឌា ទៅក្នុងបញ្ជីក្រហមនៃការរឹតត្បិតការធ្វើដំណើរទៀតផង។ មិនតែប៉ុណ្ណោះកាលពីថ្ងៃអង្គារ ទីក្រុងហុងកុងក៏បានសម្រេចចិត្តផ្អាកជើងហោះហើរជាបណ្ដោះអាសន្នពីប្រទេសឥណ្ឌាផងដែរ បន្ទាប់ពីរកឃើញអ្នកដំណើរយ៉ាងហោច៥៣នាក់ដែលជិះ នៅលើជើងហោះហើរមកពីទីក្រុងញូដេលី តេស្ដវិជ្ជមាន COVID-19។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាមានអ្នកឆ្លង COVID-19 កើនដល់ជិត ១៦លានករណី ក្នុងនោះមានអ្នកស្លាប់ ១៨៤,៦៧២នាក់ និងជាសះស្បើយឡើងវិញ ១៣.៤៥លាននាក់៕

ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១)