(ម៉ូស្គូ)៖ អ្នកឃ្លាំមើលឯករាជ្យ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សជាង ១,៧០០នាក់ ត្រូវបានប៉ូលិសរុស្ស៉ីចាប់ខ្លួន នៅក្នុងការប្រមូលផ្តុំគ្នា តាមដងផ្លូវនៅក្នុងទីក្រុងជាច្រើន ទូទាំងប្រទេសរុស្ស៊ី ដើម្បីទាមទារឱ្យមានការដោះលែង មេបក្សប្រឆាំងរុស្ស៉ី លោក អាឡិចហ្សី ណាវ៉ាល់នី (Alexey Navalny) ដែលកំពុងជាប់ពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

មនុស្សរាប់ពាន់នាក់ នាំគ្នាប្រមូលផ្តុំនៅតាមដងផ្លូវ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ ដើម្បីទាមទារសេរីភាព និងភាពយកចិត្តទុកដាក់ផ្នែកសុខាភិបាលឱ្យបានត្រឹមត្រូវ សម្រាប់លោក Navalny ដែលបានធ្វើកូដកម្មអត់អាហារអស់រយៈពេល ០៣សប្តាហ៍មកហើយ នៅពន្ធនាគារមួយកន្លែង ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងម៉ូស្គូ។

ក្រុមអ្នកឃ្លាំមើល OVD-Info ដែលតាមដានការឃាត់ខ្លួន កំលុងបាតុកម្មប្រឆាំង បានគូសបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសរុស្ស៉ីបានចាប់ខ្លួនមនុស្សជាង ១,៧៨៣នាក់ហើយ នៅក្នុងទីក្រុងចំនួន៩៧។ ក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួននោះ មានមនុស្ស ៨០៥នាក់ដែលបានប្រមូលផ្ដុំគ្នានៅទីក្រុង Saint Petersburg ទីដែលប៉ូលិសបានបំបែកក្រុបាតុករដោយប្រើដំបងឆក់។ នៅប្រទេសរុស្ស៊ី ការចូលរួមធ្វើបាតុកម្មដោយគ្មានការអនុញ្ញាត អាចនាំឱ្យមានការពិន័យ ឬជាប់ពន្ធនាគារជាច្រើនថ្ងៃ។

អ្នកនាំពាក្យរបស់លោក Navalny លោកស្រី Kira Yarmysh ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានប៉ូលិសរុស្ស៉ីចាប់ខ្លួន។ ចំណែកឯមនុស្សជំនិតរបស់លោក Navalny លោកស្រី Lyubov Sobol ក៏ត្រូវបាននាំប៉ូលិសឃាត់ខ្លូនដែរ មុនពេលបាតុកម្មនៅទីក្រុងម៉ូស្គូដែរ ហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការ នាថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា លោក Navalny អាយុ៤៤ឆ្នាំ ត្រូវបានអាជ្ញាធររុស្ស៉ីចាប់ខ្លួន នៅពេលដែលគាត់បានវិលត្រឡប់មកពី ប្រទេសអាល្លឺម៉ង់វិញ កាលពីខែមករា ឆ្នាំ២០២១។ លោកត្រូវបានបញ្ជូនទៅអាល្លឺម៉ង់ កាលពីខែសីហា ឆ្នាំ២០២០ ដោយសារតែត្រូវបានគេដាក់ថ្នាំបំពុល ហើយក្រោយជាសះស្បើយវិញ មេបក្សប្រឆាំងរូបនេះ បានចោទប្រកាន់ត្រង់ៗតែម្ដងថា រដ្ឋាភិបាលរុស្ស៉ី ជាអ្នកដែលស្ថិតនៅពីក្រោយករណីបំពុលនេះ។

លោក Navalny ត្រូវបានតុលាការរុស្ស៉ីកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង៦ខែ ពីបទល្មើសឆបោកចាស់មួយ។ មួយរយៈចុងក្រោយ សុខភាពរបស់លោក បានថយចុះចាប់តាំងពីរូបលោក បានចាប់ផ្តើមធ្វើកូដកម្មអត់អាហារ ដើម្បីទាមទារការយកចិត្តទុកដាក់ ថែទាំសុខភាពឱ្យបានត្រឹមត្រូវ ពីសំណាក់អាជ្ញាធររុស្ស៉ី៕