(កាប៊ុល)៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាននៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៧៨នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការផ្សេងគ្នា ដែលធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មប្រយុទ្ធតាលីបង់ចំនួន ៤៤នាក់ក៏បានរងរបួសផងដែរ និង០៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ជាលទ្ធផល នៃប្រតិបត្តិការរបស់កងកម្លាំងការពារជាតិ និងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅខេត្ត Ghazni, Zabul, Herat, Paktika, Balkh, Nimroz, Helmand និង Kandahar»

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ដដែលនេះមិនបានបញ្ជាក់ថា តើមានអ្នកស្លាប់និងរបួស នៅខាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែរទេ។

រហូតមកដល់ពេលនេះ ក្រុមតាលីបង់មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាននេះទេ៕