(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានរាយការណ៍ឲ្យដឹងថា ករណីសហគមន៍ចំនួន១០ ក្នុងចំណោមករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ២៨ករណី ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសសិង្ហបុរី គិតត្រឹមថ្ងៃត្រង់ ទី០៩ ឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ក្រសួងបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ព័ត៌មានបឋមប្រចាំថ្ងៃរបស់ខ្លួនថា ០៥ករណីក្នុងចំណោម ១០ ករណី គឺមានជាប់ទាក់ទងទៅនឹងករណីមុនៗ ដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។ ចំណែកឯ ១៨ករណីទៀតជាករណីនាំចូលពីក្រៅប្រទេស។

ទោះជាយ៉ាងណា មិនមានការរាយការណ៍អំពីការឆ្លងថ្មីនៅក្នុងអន្តេវាសិកដ្ឋានរបស់កម្មករបរទេសទេ ខណៈព័ត៌មានលម្អិតនឹងត្រូវក្រសួងចេញផ្សាយនៅយប់ថ្ងៃអាទិត្យនេះ។

គិតត្រឹមថ្ងៃអាទិត្យនេះប្រទេសសិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៦១,៣៥៩ ករណី ក្នុងនោះស្លាប់ ៣០នាក់ និងជាសះស្បើយជាង ៦០,០០០នាក់៕