(ហុងកុង)៖ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ណិច ឌីជីថល (Next Digital) ដែលជាម្ចាស់កាសែត Apple Daily នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាថាតើត្រូវបិទ កាសែតគាំទ្រលទិ្ធប្រជាធិបតេយ្យមួយនេះ ដែរឬមួយក៏យ៉ាងណា បន្ទាប់ពីប៉ូលិសហុងកុងចាប់ខ្លួន និពន្ធនាយករបស់ខ្លួនជាច្រើននាក់ និងបង្កគណនីធនាគារថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

សារព័ត៌មាន Bloomberg បានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពបានមកពីលោក ម៉ាក សាយមិន (Mark Simon) ជាទីប្រឹក្សាជាន់ខ្ពស់ស្ថាបនិកកាសែត Apple Daily លោក ជីមមី ឡៃ (Jimmy Lai)។ លោក Mark Simon គូសបញ្ជាក់ថា ក្រុមមន្ត្រីសន្តសុខទីក្រុងហុងកុង បានបិទគណនីធនាគាររបស់កាសែត Apple Daily ដែលនេះប្រហែលជាធ្វើឱ្យកាសែតមួយនេះ ត្រូវបិទការចេញផ្សាយ និងប្រតិបត្តិការប្រព័ន្ធឌីជីថលរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សបា្ដហ៍មុន ប៉ូលិសហុងកុងបានឃាត់ខ្លួនបុគ្គលិកជាន់ខ្ពស់ ០៥រូប មកពីកាសែត Apple Daily និងបានបង្កគណនីធនាគារកាសែត មួយនេះដែលមានប្រាក់ប្រមាណ ១៨លានដុល្លារហុងកុង។ ការចាប់ខ្លួនទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើង ក្រោយពីមានការចោទប្រកាន់ថា ពួកគេទាំងនេះបានគប់គិតជាមួយបរទេស៕